(វ៉ាស៊ីនតោន)៖ សេតវិមាន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកកំពុងបើកការស៊ើបអង្កេតលើករណីថា តើការនាំចូលរថយន្តរបស់ចិន បង្កហានិភ័យសន្តិសុខជាតិ ឬយ៉ាងណា និងអាចដាក់វិធានការរឹតបន្តឹង ដោយសារការព្រួយបារម្ភអំពីបច្ចេកវិទ្យារថយន្ត ដែលមានសមត្ថភាពតភ្ជាប់បច្ចេកវិទ្យាសំខាន់ៗ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ សេតវិមានបានឱ្យដឹងថា ការស៊ើបអង្កេតរបស់ក្រសួងពាណិជ្ជកម្មអាមេរិក ត្រូវធ្វើជាចាំបាច់ ពីព្រោះយានជំនិះ «ប្រមូលទិន្នន័យរសើបជាច្រើនពីអ្នកបើកបរ និងអ្នកដំណើររបស់ពួកគេ (ហើយ) ប្រើប្រាស់កាមេរ៉ា និងឧបករណ៍ចាប់សញ្ញា (សិនស័រ) របស់ពួកគេជាទៀងទាត់ ដើម្បីកត់ត្រាព័ត៌មានលម្អិតអំពីហេដ្ឋារចនាសម្ព័ន្ធ របស់សហរដ្ឋអាមេរិក»

ដោយសារយានជំនិះអាចត្រូវបាន «គ្រប់គ្រង ឬបិទដំណើរការពីចម្ងាយ» ការស៊ើបអង្កេតក៏នឹងពិនិត្យមើលលើយានយន្តស្វ័យបើកបរផងដែរ។

លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «គោលនយោបាយរបស់ប្រទេសចិន អាចជន់លិចទីផ្សាររបស់យើងជាមួយនឹងយានយន្ត របស់ប្រទេសនេះ ដែលបង្កហានិភ័យដល់សន្តិសុខជាតិរបស់យើង»

លោកប្រធានាធិបតីបានបន្ថែមថា៖ «ខ្ញុំនឹងមិនអនុញ្ញាតឱ្យវាកើតឡើង នៅពេលមានវត្តមានរបស់ខ្ញុំទេ»

មន្ត្រីសេតវិមានបានប្រាប់អ្នកយកព័ត៌មានថា វាលឿនពេកក្នុងការនិយាយថា អាចនឹងមានចាត់វិធានការណាមួយ និងថ្លែងថា មិនមានការសម្រេចចិត្តលើការហាមឃាត់ ឬការដាក់កម្រិតដែលអាចកើតមានណាមួយ ទៅលើយានន្តរបស់ចិនទេ។

ក្រុមមន្ត្រីអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមានអំណាចផ្លូវច្បាប់ យ៉ាងទូលំទូលាយ ហើយអាចចាត់វិធានការធំដុំណាមួយ។

លោក បៃឌិន បានហៅកិច្ចខិតខំប្រឹងប្រែងនេះថាជា «សកម្មភាពដែលមិនធ្លាប់មានពីមុនមក ដើម្បីធានាថា រថយន្តនៅលើផ្លូវរបស់សហរដ្ឋអាមេរិក ដែលនាំចូលមកពីបណ្តាប្រទេស ដែលបង្កក្ដីព្រួយបារម្ភដូចជាប្រទេសចិន មិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់យើង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕