(អាប៊ូដាប៊ី)៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានស្រុះស្រួលគ្នា បន្តកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក រយៈពេលពីរឆ្នាំថែមទៀត បន្ទាប់ពីចរចារដ៏យូរនៅទីក្រុងអាប៊ូដាបី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ខណៈដែលបរាជ័យព្រមព្រៀង លើបញ្ហាពាណិជ្ជកម្មដ៏ចម្រូងចម្រាសផ្សេងទៀត រួមទាំងការបង្រ្កាបលើការឧបត្ថម្ភធន លើវិស័យកសិកម្ម និងជលផលផងដែរ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា អគ្គនាយកអង្គការ WTO អ្នកស្រី Ngozi Okonjo-Iweala បានហៅអង្គការ WTO ថាជា «ប្រភពនៃភាពធន់» នៅក្នុងពិភពលោកដែលរង្គោះរង្គើ ដោយភាពចលាចលភូមិសាស្ត្រនយោបាយ។ អ្នកស្រីបានលើកទឹកចិត្ត អ្នកចរចាឱ្យបន្តការពិភាក្សាអំពីកិច្ចការ ដែលមិនទាន់បានបញ្ចប់របស់ពួកគេ។

ក្រៅពីបញ្ហាប្រឈមទាំងនេះ ដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១៣ នៃអង្គការ WTO ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ការបោះឆ្នោតក្នុងឆ្នាំនេះ នៅតាមបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចធំៗក៏ជាបញ្ហាចោទផងដែរ ខណៈអ្នកនយោបាយដែលកំពុងកាន់អំណាច មកពីរដ្ឋាភិបាលនានា រាប់ចាប់ពីរដ្ឋាភិបាលក្រុងប្រ៊ុចសែល រហូតដល់រដ្ឋាភិបាលក្រុងញូវដែលី មានអារម្មណ៍ថា ទទួលរងសម្ពាធពីកសិករ អ្នកបើកបររថយន្តដឹក និងកម្មករផ្សេងទៀតដែលតវ៉ាឱ្យបន្ធូរបន្ថយ សម្ពាធអតិផរណា និងការប្រកួតប្រជែងពីបរទេស។

អ្នកស្រី Okonjo-Iweala ដែលអាណត្តិនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥ បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា នៅដើមសប្តាហ៍នេះ «ខ្ញុំបាននិយាយថា ការព្យាយាមសម្រេចបានសមិទ្ធិផលទាំងនេះ នឹងមានភាពលំបាក»

អ្នកស្រីបានបន្ថែមថា៖ «យើងមិនបានសម្រេចអ្វី ដែលយើងចង់បាននោះទេ ប៉ុន្តែអ្វីដែលយើងសម្រេចបាន ខ្ញុំគិតថាអស្ចារ្យណាស់»

ខណៈដែលកិច្ចពិភាក្សាបានបញ្ចប់នៅពាក់កណ្តាលអធ្រាត្រ បន្ទាប់ពីដំណើរការអស់រយៈពេល ១៦ម៉ោងកាលពីថ្ងៃសុក្រ កិច្ចព្រមព្រៀងដែលសម្រេចបាននៅនាទីចុងក្រោយ ដើម្បីរក្សាការអនុវត្តពាណិជ្ជកម្មអេឡិចត្រូនិក រហូតដល់ឆ្នាំ២០២៦ គឺជារបកគំហើញដ៏សំខាន់បំផុត។

ការសម្រេចបានកិច្ចព្រមព្រៀងនេះ ក៏បានធ្វើឱ្យអ្នកសង្កេតការណ៍មួយចំនួនភ្ញាក់ផ្អើលផងដែរ ដោយមុនពេលសម្រេចបានកិច្ចព្រមព្រៀងនេះបន្តិច មន្ត្រីសហភាពអឺរ៉ុបបាននិយាយថា ការចរចារយៈពេលមួយសប្តាហ៍មកនេះ បានដើរឆ្ពោះទៅរកភាពបរាជ័យទាំងស្រុង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕