(ភ្នំពេញ)៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤នេះថា គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤នេះ ចំនួនជើងហោះហើរ នៅតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា មានការកើនឡើងតិចតួច។

លោកបញ្ជាក់ថា ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានទាំងបីរបស់កម្ពុជា មានអាកាសយានដ្ឋានភ្នំពេញ សៀមរាប និងព្រះសីហនុ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤មានចំនួន ១៦៥ជើងក្នុងមួយថ្ងៃ មកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានកើនឡើងដល់ចំនួន ១៦៨ជើងក្នុងមួយថ្ងៃ ដូច្នេះមានកើនឡើងជាមធ្យមចំនួន៣ជើងក្នុងមួយថ្ងៃ។

លោកបន្តថា ចំពោះចំនួនហោះហើរនៅព្រលានយន្តហោះសៀមរាបអង្គរ បានការធ្លាក់ចុះបន្តិច ដោយនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ មានការហោះហើរក្នុងមួយថ្ងៃជាមធ្យមចំនួន ៤៦ជើង ប៉ុន្តែមកដល់ចុងខែកុម្ភៈបានធ្លាក់ចុះមកត្រឹម ៤៤ជើងជាមធ្យមក្នុងមួយថ្ងៃ។ ដោយឡែកសម្រាប់ព្រលាន យន្តហោះភ្នំពេញ មានការកើនឡើងបន្តិច។

លោកបានឱ្យដឹងទៀតថា អ្នកដំណើរតាមផ្លូវអាកាសច្រើនជាងគេ គឺទី១ ជនជាតិថៃ ទី២ ជនជាតិវៀតណាម ទី៣ ជនជាតិសិង្ហបុរី ទី៤ ជនជាតិម៉ាឡេស៉ី និងទី៥ ជនជាតិឡាវ។

បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់អាកាសចរស៉ីវិលរូបនេះ រំពឹងថា ចំនួនជើងហោះហើរនៅកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៤នេះ អាចនឹងការកើនឡើងបន្តិចទៀត ដោយសារការតភ្ជាប់ជើងហោះហើររវាងអេមីរ៉ាតអារ៉ាប់រួម និងកម្ពុជា និងឥណ្ឌាជាមួយកម្ពុជា៕