(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌីន ចង់ឱ្យក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង៧ (G-7) បង្កើតវឌ្ឍនភាពលើផែនការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីជួយគាំទ្រអ៊ុយក្រែននៅពេលមេដឹកនាំក្រុមប្រទេសនេះជួបប្រជុំក្នុងខែមិថុនា នេះបើយោងតាមមនុស្សដែលដឹងពីបញ្ហានេះ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនេះថា មន្ត្រីរបស់ក្រុមប្រទេស G-7 បានពិភាក្សាអំពីជម្រើសក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ីដែលមានតម្លៃ ២៨០ពាន់លានដុល្លារ រួមទាំងការប្រើប្រាស់ប្រាក់នេះធ្វើជាវត្ថុបញ្ចាំដើម្បីបោះផ្សាយមូលបត្របំណុល ឬការចេញលិខិតធានាប្រើប្រាស់មូលនិធិដែលបានបង្កកទាំងនោះ។

ការជជែកដេញដោលនេះបានធ្វើឡើងនៅពេលដែលអ៊ុយក្រែនប្រឈមមុខនឹងកង្វះខាតកាំភ្លើងធំ និងគ្រាប់រំសេវដ៏ទៃទៀត ខណៈដែលក្រុមប្រទេសសម្ព័ន្ធមិត្តកំពុងតស៊ូក្នុងការផ្គត់ផ្គង់ឱ្យបានឆាប់រហ័ស ហើយជំនួយសេដ្ឋកិច្ចចំនួន ៦០ពាន់លានដុល្លារនៅតែជាប់គាំងនៅក្នុងសភាអាមេរិកនៅឡើយ។

យោងតាមប្រភពដែលបានដឹងពីកិច្ចពិភាក្សានាពេលថ្មីៗនេះ លោក បៃឌិន ក៏បានប្រាប់ជាលក្ខណៈឯកជនដល់ក្រុមប្រទេសសម្ព័ន្ធមិត្តផងដែរ ប្រសិនបើអ៊ុយក្រែនចាញ់សង្គ្រាម គាត់ជឿថា សណ្តាប់ធ្នាប់អន្តរជាតិនឹងចលាចលយ៉ាងហោចណាស់ក្នុងរយៈពេលប្រាំទសវត្សរ៍ខាងមុខ។

ក្រុមប្រទេសសម្ព័ន្ធមិត្តទាំងអស់យល់ស្របថា មូលនិធិទាំងនេះមិនគួរស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសរុស្ស៊ីឡើយ លុះត្រាតែប្រទេសនេះសន្យាថានឹងជួយដល់ការកសាងអ៊ុយក្រែនឡើងវិញ ប៉ុន្តែក្រុមសម្ព័ន្ធមិត្តនៅមានការខ្វែងគំនិតគ្នាលើបញ្ហាថាតើនឹងមានច្បាប់រឹបអូសយកទ្រព្យស្បត្តិទាំងនោះទាំងស្រុងដែរឬយ៉ាណា។ មេដឹកនាំរបស់ក្រុមប្រទេស G-7 គ្រោងនឹងជួបនៅប្រទេសអ៊ីតាលីក្នុងខែមិថុនាឆ្នាំនេះ។

ប្រភពដដែលបានប្រាប់ Bloomberg ថា លោក បៃឌិន ចង់ឃើញទ្រព្យសម្បត្តិដែលរកការបង្កកទាំងនោះត្រូវបានយកទៅប្រើប្រាស់ ដើម្បីជួយផ្តល់មូលនិធិដល់តម្រូវការថវិការបស់អ៊ុយក្រែន ហើយក្រោយមកឆ្ពោះទៅរកការកសាងប្រទេសអ៊ុយក្រែនឡើងវិញ៕