(ភ្នំពេញ)៖ ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA និងជាអ្នកជំនាញលើវិស័យអចលនទ្រព្យ បានបង្ហាញពីគន្លឹះសំខាន់មួយចំនួន ដែលសហគ្រិនថ្មីថ្មោង ឬអ្នកមានបំណងបោះជំហានចូល ក្នុងវិស័យរកស៊ីត្រូវដឹង ត្រូវសិក្សារៀនសូត្រនោះគឺ អ្វីក៏ដោយ អ្នកត្រូវគិតឲ្យធំ ចាប់ផ្ដើមតូច។

ឧកញ៉ា នួន រិទ្ធី បានបញ្ជាក់ថា ក្នុងន័យនៃពាក្យ «គិតធំ​ ចាប់ផ្ដើមតូច» គឺសហគ្រិនត្រូវមានគំនិតឲ្យធំ ប៉ុន្ដែការចាប់ផ្ដើមតូចៗ ជាជំហានៗ ការចាប់ផ្ដើមតូចៗនេះ គឺធ្វើដើម្បីយើងអាចស្ទាបស្ទង់ពីសមត្ថភាព និងមានសុវត្ថិភាពក្នុងការបន្ដដំណើរទៅមុខ។

ការលើកឡើងរបស់លោកឧកញ៉ា នួន រិទ្ធី ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍របស់ឧកញ៉ា នួន រិទ្ធី ក្នុងការបង្កើត និងដឹកនាំក្រុមហ៊ុន KFA »

លោកឧកញ៉ាបញ្ជាក់ថា ការបើកអាជីវកម្មដែលចាយដើមតិចភាគច្រើន គឺក្រុមហ៊ុនសេវាកម្ម ប៉ុន្ដែត្រូវការភាពឧស្សាហ៍ព្យាយាមខ្ពស់ ក្នុងនោះការបង្កើត Brand ផលិតផលដោយខ្លួនឯង ការនាំចូលផលិតផលមកលក់ ដែរនេះសុទ្ធសឹងតែជាអាជីវកម្ម ដែលសហគ្រិនថ្មីថ្មោងគួរសាកល្បង។ ប៉ុន្ដែក្រៅពីនេះការកែច្នៃផលិតផល ការផលិតពីតូចទៅធំ ក៏ជាជម្រើសល្អ ដើម្បីបន្ដទៅរកការបើកអាជីវកម្ម និងបើកដោយទទួលបានជោគជ័យ។

លោកឧកញ៉ាបញ្ជាក់ថា ចំពោះការបោះជំហានចូលក្នុងវិស័យអាជីវកម្ម គឺស្ថិតលើលទ្ធភាពនៃបុគ្គល មានន័យថា មានសហគ្រិនមួយចំនួនបានទៅដកបទពិសោធន៍ ពីក្រុមហ៊ុនដទៃជាមុនសិន មុននឹងចាប់ផ្ដើមដោយខ្លួនឯង ប៉ុន្ដែមានបុគ្គលខ្លះទៀតបញ្ចប់មហាវិទ្យាល័យមក គឺចាប់ផ្ដើមតែម្ដង ជាមួយនឹងការគ្រប់គ្រង និងការរើសអ្នកជំនាញៗចូលក្រុមហ៊ុន៕