(ហូជីមិញ)៖ តម្លៃដុំមាសរបស់ក្រុមហ៊ុនវៀតណាម Saigon Jewelry បានកើនឡើង ០,១៩% ដល់ ៧៨,៦៥លានដុង (៣ ១៩១,៩៧ដុល្លារ) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែកុម្ភៈ។ នេះបើយោងតាមកាសែតវៀតណាម VN Express។

កាសែត VN Express បានរាយការណ៍ទៀតថា តម្លៃចិញ្ចៀនមាសបានកើនឡើង ០,១៥% ដល់ ៦៥,៧៥លានដុង (ប្រហែល ២ ៨១៩ដុល្លារ) ក្នុងមួយតម្លឹង។ មួយតម្លឹងស្មើនឹង ៣៧,៥ ក្រាម ឬ ១,២អោន ឬ ៨,៣ជី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃមាសពិភពលោកបានកើនឡើងកាលពីថ្ងៃសុក្រ ដែលត្រូវបានជំរុញដោយសារការធ្លាក់ចុះថ្លៃប្រាក់ដុល្លារ និងតម្រូវការមាសសម្រាប់ធ្វើជាទ្រព្យរក្សាសុវត្ថិភាពដោយសារការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា បើទោះជាមន្ត្រីធនាគារកណ្តាលអាមេរិកបានបាត់បង់ក្ដីសង្ឃឹមថានឹងមានការកាត់បន្ថយអត្រាការប្រាក់មុនពេលកំណត់នៅដើមឆ្នាំនេះក៏ដោយ។

តម្លៃមាសក្នុងទីផ្សារទិញលក់ភ្លាមៗបានកើនឡើង ០,៨% ដល់ ២ ០៤០,៦៩ក្នុងមួយអោន ហើយកំពុងដើរឆ្ពោះទៅរកការកើនឡើង ១,៤% ប្រចាំសប្តាហ៍។ តម្លៃមាសក្នុងកិច្ចសន្យាសម្រាប់ចែកចាយអនាគតរបស់សហរដ្ឋអាមេរិកបានកើនលើង ០,៩% ដោយជួញដូរក្នុងតម្លៃ ២ ០៤៩,៤ដុល្លារក្នុងមួយអោន។

លោក Bob Haberkorn អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «មាសឡើងថ្លៃមូលហេតុចម្បងដោយសារការពិតដែលថា ប្រាក់ដុល្លារអាមេរិកធ្លាក់ចុះបន្តិច»។ លោកបានបន្ថែមថា៖ «វាជាដំណើរផ្លូវដ៏ល្អក្នុងពេលនេះក្នុងទីផ្សារមាស ប៉ុន្តែមានការទិញមាសសម្រាប់ធ្វើជាទ្រព្យសុវត្ថិភាពច្រើន បើទោះបីជាតម្លៃនៅតែខ្ពស់ក៏ដោយ»