(តូក្យូ)៖ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញកាលពីថ្ងៃពុធថា ចំនួនភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសជប៉ុនបានកើនឡើង ៧៩,៥% ក្នុងខែមករា ធៀបនឹងឆ្នាំមុនដល់ ២,៦៩ លាននាក់ ដែលកើនដល់កម្រិតដែលធ្លាប់កើតមានក្នុងខែមករា ឆ្នាំ២០១៩ មុនពេលចាប់ផ្តើមមានជំងឺរាតត្បាតកូវីដ-១៩។ នេះបើយោងតាមកាសែត Kyodo News។

កាសែត Kyodo បានរាយការណ៍ថា ចំនួនភ្ញៀវទេសចរបរទេសបានកើនឡើងជាលំដាប់ចាប់តាំងពីប្រទេសនេះបានដកវិធានការត្រួតពិនិត្យព្រំដែនដើម្បីទប់ស្កាត់ជំងឺកូវីដកាលពីចុងខែមេសាឆ្នាំមុន។ ការធ្លាក់ចុះថ្លៃប្រាក់យ៉េនក៏បាននិងកំពុងជំរុញឱ្យភ្ញៀវទេសចរវិលត្រឡប់ទៅទស្សនាប្រទេសមហាអំណាចសេដ្ឋកិច្ចនេះវិញផងដែរ។

អង្គការទេសចរណ៍ជាតិជប៉ុនបានឱ្យដឹងថា ផលប៉ះពាល់នៃការរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារភាគកណ្តាលប្រទេសជប៉ុននៅថ្ងៃចូលឆ្នាំសកលនៅមានកម្រិត ទោះបីជាប្រជាជនមួយចំនួននៅក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសចិនបានលុបចោលការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសជប៉ុនបន្ទាប់ពីកើតមានឧប្បត្តិហេតុនេះក៏ដោយ។

ទិន្នន័យបានបង្ហាញថា បើគិតតាមប្រទេសនិងតំបន់ ចំនួនភ្ញៀវទេសចរបរទេសច្រើនជាងគេមកពីប្រទេសកូរ៉េខាងត្បូងដែលមានចំនួន ៨៥៧ ០០០នាក់ កើនឡើង ១០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ បន្ទាប់មកអ្នកមកពីកោះតៃវ៉ាន់មានចំនួន ៤៩២ ០០០នាក់ កើនឡើង ២៧% និងប្រទេសចិនមានចំនួន ៤១៥ ០០០ ធ្លាក់ចុះ ៤៥%។

ភ្ញៀវទេសចរមកពីប្រទេសកូរ៉េខាងត្បូង កោះតៃវ៉ាន់ និងអូស្ត្រាលីបានកើនឡើងខ្ពស់ក្នុងរយៈពេលមួយខែ។ ចំនួនជនជាតិជប៉ុនដែលធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេសបានកើនឡើង ៨៩,៣% នៅខែមករា ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៨៣៨ ៦០០នាក់ ប៉ុន្តែនៅតែធ្លាក់ចុះ ៤២,៣% បើធៀបនឹងខែមករា ឆ្នាំ២០១៩។ នេះបើយោងតាមកាសែត Kyodo៕