(ញូវដែលី)៖ ឥណ្ឌាដែលជាប្រទេសនាំចេញអង្ករលំដាប់កំពូលរបស់ពិភពលោក បានបន្តដកហូតពន្ធលើការនាំចេញអង្ករស្ងោ (Parboiled rice) ទៅក្រៅប្រទេស ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃក្នុងស្រុកនៅមុនការបោះឆ្នោតសកល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីជូនដំណឹងរបស់ក្រសួងហិរញ្ញវត្ថុឥណ្ឌាដែលបានចេញផ្សាយនៅថ្ងៃពុធទី២១ ខែកុម្ភៈថា ពន្ធ ២០% លើការនាំចេញដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នឹងត្រូវបានបន្តសុពលភាពក្នុងរយៈពេលមិនកំណត់។

ដោយការបោះឆ្នោតនឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Narendra Modi មានការព្រួយបារម្ភអំពីការកើនឡើងតម្លៃម្ហូបអាហារ ដែលស្មើនឹងពាក់កណ្តាលនៃកញ្ចប់តម្លៃទំនិញប្រើប្រាស់របស់ប្រទេសឥណ្ឌា។ អតិផរណាម្ហូបអាហារមាន ៨,៣% ក្នុងខែមករា។

ការបន្តសុពលភាពដកហូតពន្ធរបស់ប្រទេសដាំដុះស្រូវធំទីពីរក្នុងពិភពលោកមួយនេះនឹងបន្តរឹតបន្តឹងការផ្គត់ផ្គង់សកល និងជំរុញតម្លៃអង្ករអន្តរជាតិ។ លទ្ធផលនេះនឹងប៉ះពាល់ដល់ប្រទេសមួយចំនួននៅអាហ្រ្វិកខាងលិច និងមជ្ឈិមបូព៌ា ដែលពឹងផ្អែកលើឥណ្ឌាសម្រាប់តម្រូវការភាគច្រើននៃអាហារចម្បងរបស់ពួកគេ។

អង្ករស្ងោដែលមានប្រហែល ៣០% នៃការនាំចេញសរុបរបស់ប្រទេសឥណ្ឌាមុនចាត់វិធានការទប់ស្កាត់នេះគឺជាប្រភេទអង្ករដែលឆ្លងកាត់ដំណើរការស្ងោស្រូវមួយដំណាក់កាលសិនមុនពេលយកទៅកិនដើម្បីបង្កើនកម្រិតអាហារូបត្ថម្ភរបស់អង្ករ និងបង្កើនគុណភាពបាយ។ ប្រទេសអាស៊ីខាងត្បូងមួយនេះមានចំណែកប្រហែល ៤០% នៃពាណិជ្ជកម្មអង្ករពិភពលោកក្នុងឆ្នាំ២០២២-២០២៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕