(បាងកក)៖ ប្រទេសថៃនឹងផ្តល់ការលើកទឹកចិត្តថ្មីដើម្បីលើកកម្ពស់ការផលិតអាគុយរថយន្តអគ្គិសនីក្នុងស្រុក និងការប្រើប្រាស់រថយន្តក្រុង និងរថយន្តដឹកដែលប្រើប្រាស់មានថាមពលថ្មី ខណៈប្រទេសនេះកំពុងស្វែងរកការពង្រឹងទីតាំងរបស់ខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីលោក Narit Therdsteerasukdi លេខាគណៈកម្មាធិការគោលនយោបាយយានយន្តជាតិខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃពុធថា រដ្ឋាភិបាលថៃនឹងផ្តល់ជំនួយជាសាច់ប្រាក់ដល់ក្រុមហ៊ុនណាដែលកំពុងស្វែងរកការបង្កើតរោងចក្រក្នុងស្រុកដើម្បីផលិតអាគុយរថយន្តអគ្គិសនីនៅក្នុងប្រទេស។

លោកបន្តថា ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុនឹងត្រូវបានផ្តល់ទៅតាមករណីនីមួយៗ ហើយនឹងជួយឧបត្ថម្ភធនលើការចំណាយលើការសាងសង់រោងចក្រពី ៣០ ទៅ ៥០ភាគរយ។ លោកបានមានប្រសាសន៍ថា គណៈកម្មការរបស់លោកក៏បានអនុម័តវិធានការលើកទឹកចិត្តផ្សេងៗដើម្បីលើកទឹកចិត្តក្រុមហ៊ុននានាឱ្យផ្លាស់ប្តូរយាយន្តប្រើប្រាស់សម្រាប់ពាណិជ្ជកម្មរបស់ពួកគេដូចជារថយន្តដឹកទំនិញធំៗ និងរថយន្តក្រុងឱ្យទៅប្រើប្រាស់រថយន្តដែលប្រើថាមពលអាគុយវិញផងដែរ។

ប្រទេសថៃបានដាក់ចេញវិធានការលើកទឹកចិត្ត និងបានទាក់ទាញការវិនិយោគបរទេសយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន។ ប្រទេសថៃកំពុងកំណត់គោលដៅ ៣០% នៃទិន្នផលរថយន្តរបស់ខ្លួនឱ្យទៅជារថយន្តថាមពលអគ្គិសនីនៅឆ្នាំ២០៣០។

តម្រូវការរថយន្តអគ្គិសនីកំពុងតែកើនឡើងនៅក្នុងប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាលបានកាត់បន្ថយពន្ធនាំចូល ហើយបានផ្តល់ឧបត្ថម្ភជាសាច់ប្រាក់ដល់អ្នកទិញជាថ្នូរនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនផលិតរថយន្តក្នុងការចាប់ផ្តើមផលិតកម្មក្នុងស្រុក ដើម្បីរក្សាជំហរយូរអង្វែងរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលរថយន្តក្នុងតំបន់។ លោក Narit បានបន្តថា វិធានការថ្មីនេះនឹងទាមទារឱ្យមានការយល់ព្រមពីគណៈរដ្ឋមន្ត្រីមុនពេលវាចូលជាធរមានន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕