(ភ្នំពេញ)៖ អ្នករកស៊ី ឬអ្នកធ្វើជំនួញជោគជ័យម្នាក់ បើទោះបីជាខ្លួនមានជំនាញ ឬមានដុងរកស៊ីតាំងតូចក៏ដោយ ប៉ុន្តែមិនប្រាកដថាមុខជំនួញនោះរីកចម្រើននោះទេ ប្រសិនបើពួកគេចង់ឱ្យមុខជំនួញរបស់របស់ពួកគេរីកចម្រើនជាលំដាប់ គឺទាមទារឱ្យមានអភិវឌ្ឍន៍ចំណេះដឹងជាបន្តបន្ទាប់។

នេះគឺជាការលើកឡើងរបស់ ឧកញ៉ា កែវ មុំ ម្ចាស់ក្រុមហ៊ុន នំស្រួយលីលី ដែលជាអ្នកជំនួញស្រី្តដ៏ល្បីលេចធ្លោម្នាក់នៅកម្ពុជា។ លោកស្រីបានចាប់ផ្តើមរកស៊ីតាំងពីរបរតូចតាច រហូតដល់បង្កើតសហគ្រាសដ៏ធំមួយ ដែលបានផ្តល់ការងារដល់មនុស្សជាច្រើននាក់។

លោកស្រីមានប្រសាសន៍ថា ក្នុងការរកស៊ី មែនគ្រប់មនុស្សទាំងអស់សុទ្ធតែអាចធ្វើប្រកបរបររកស៊ី និងធ្វើជំនួញបានជោគជ័យនោះទេ បើទោះបីជាស្រី្តឬបុរសរៀនបានថ្នាក់ខ្ពង់ខ្ពស់ក៏ដោយ គឺត្រូវតែមានដុងនៃការស៊ីពីកំណើត ប៉ុន្តែយ៉ាងណាមិញក្នុងនាមអ្នករកស៊ីម្នាក់ បើទោះបីជាមានដុងរកស៊ីតាំងពីតូចក៏ដោយ ប៉ុន្តែក៏មានទាមទារត្រូវពង្រីកចំណេះបន្ថែមផងដែរ។

លោកស្រីបានរំលឹកតាំងពីពេលដែលលោកចាប់ផ្តើមរកស៊ីដំបូងថាដោយសារលោកស្រីមានដុងរកស៊ីតាំងពីតូច ដោយជំនាន់នោះលោកស្រីចាប់ផ្តើមធ្វើជំនួញដោយមិនចាំបាច់ត្រូវឈ្វេងយល់ពីការធ្វើជំនួញអ្វីច្រើននោះទេ ដោយសារជំនាន់នោះអ្នកមានចំណេះដឹងនៅមានកម្រិត ហេតុដូច្នេះ ការប្រកួតប្រជែងតិច ដែលអាចធ្វើឱ្យការធ្វើជំនួញដំណើរការទៅយ៉ាងស្រួល។

ប៉ុន្តែយ៉ាងនេះក្តី បច្ចុប្បន្ននេះមិនដូចពីមុននោះទេ បើទោះបីជាយើងមានដុងក៏ដោយ ប៉ុន្តែបើមិនមានចំណេះដឹង ក៏មិនអាចធ្វើឱ្យអាជីវកម្មរីកចម្រើនបានដែរ។ មិនរីកចម្រើនដោយសារសម័យនេះ ការធ្វើជំនួញត្រូវការបច្ចេកវិទ្យា ត្រូវការកត់ត្រាបញ្ជីស្នាម ត្រូវការឈ្វេងយល់ និងសិក្សាស្រាវជ្រាវច្រើន ដើម្បីអាចប្រកួតប្រជែងជាមួយគេបាន។

លោកស្រីបានពន្យល់យ៉ាងដូច្នេះថា «បើទោះបីជាយើងជំនាញ មានដុងយ៉ាងណាក៏ដោយ បើយើងមិនមានចំណេះ គឺពិបាកក្នុងការពង្រឹង និងពង្រីកអាជីវកម្មខ្លាំងណាស់។ បើយើងមានទាំងដុងមានទាំងចំណេះវិជ្ជា ហើយមានទាំងលុយទៀតអាជីវកម្មហ្នឹងពិតជាដើរលឿនខ្លាំង»

សូមស្តាប់ការពន្យល់បន្ថែមរបស់អ្នកជំនួញស្រី្តរូបនេះ៖