(ភ្នំពេញ)៖ ក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជិត៦០លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមរបាយការណ៍បានឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ ក្នុងខែមករា ឆ្នាំ២០២៤ មានចំនួន៥៩ ០២៧ ៩២៨ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន៨៨ ៨២៥ដុល្លារ»

ក្នុងខែមករា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៤២៣ដុល្លារ ក្នុង១តោន កេីនឡេីងចំនួន១៩ដុល្លារ ក្នុង១តោន ស្មើនឹង១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ក្នុងរយៈពេលដូចគ្នានេះ មានតម្លៃ២០៤ដុល្លារ ក្នុងមួយម៉ែត្រគីប។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១%។

ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕