(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាអង្គភាពរបស់រដ្ឋចុះបញ្ជីក្នុងផ្សារមូលបត្ររកចំណូលបានជិត ១០០លានដុល្លារពីការធ្វើអាជីវកម្មទឹក ក្នុងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសទី៤របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

របាយការណ៍នេះបានបញ្ជាក់យ៉ាងដូច្នេះថា រយៈពេល១២ខែ ឆ្នាំ២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានចំណូលសរុបចំនួន ៣៩២ពាន់លានរៀល ឬប្រមាណជាង៩៦លានដុល្លារ ដោយទទួលបានផលចំណេញប្រមាណ ១៥០ពាន់លានរៀល ឬប្រហែល៣៦លានដុល្លារ ខណៈការចំណាយប្រតិបត្តិការផ្សេងៗ ក្នុងឆ្នាំ២០២៣មានចំនួនជាង ២៤១ពាន់លានរៀល ឬប្រហែល ៥៩លានដុល្លារ។

ទិន្នន័យដដែលនេះបានបញ្ជាក់ផងដែរថា ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរកចំណូលបានជាង ១០៤ពាន់លានរៀល ឬប្រហែលជាង២៥លានដុល្លារ និងប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណូលចំនួន ៤០ពាន់លានរៀល ឬប្រហែលជិត១០លានដុល្លារ មានកំណើនប្រមាណជាង៥០% ដែលកំណើនប្រាក់នេះចំណេញក្នុងត្រីមាសទី៤នេះ គឺដោយសារចំណូលពីការលក់បានកើនឡើង ខណៈអត្រាបាត់បង់ទឹកត្រូវកាត់បន្ថយ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រើប្រាស់នូវយន្តការដ៏មានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាទឹកបាត់បង់មកនៅ១០.៣៦% ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣។ ការរក្សាបានអត្រាទឹកបាត់បង់នៅត្រឹមកម្រិតនេះ ជាកត្តាចម្បងដែលធ្វើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានជីវភាពហិរញ្ញវត្ថុ និងអភិវឌ្ឍ សហគ្រាសរក្សានូវស្ថានភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍសហគ្រាសប្រកបដោយនិរន្តភាព។

ជាមួយគ្នានេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្កើនចំនួនអតិថិជនរបស់ខ្លួន ដោយពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាត ទៅតំបន់ដែលពុំទាន់មានការផ្គត់ផ្គង់ទឹកស្អាត ដូចជាការបំពេញផ្ទៃសេវាឱ្យបាន១០០% នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច និងការបង្កើនថ្លៃលក់ទឹកមធ្យម ដោយ ការស្វែងរកអតិថិជន ប្រភេទអាជីវកម្ម-ឧស្សាហកម្ម ធ្វើឱ្យថ្លៃលក់ទឹកមធ្យមរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកើនឡើង ព្រោះថ្លៃប្រើប្រាស់ទឹករបស់អតិថិជនប្រភេទនេះ មានកម្រិតខ្ពស់ជាងអតិថិជនប្រភេទផ្សេងទៀត។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានគូសបញ្ជាក់ថា លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិកមានចំនួន ៣៥.១៩៤.០៨៤.០០០រៀល ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (Basic Earnings per Share) ៤០៤.៦៥រៀល៕