(តែលអាវីវ)៖ សេដ្ឋកិច្ចរបស់ប្រទេសអ៊ីស្រាអែលបានធ្លាក់ចុះអាក្រក់បំផុតមិនធ្លាប់មាន បន្ទាប់ពីសង្រ្គាមក្រុមហាម៉ាសបានរារាំងសកម្មភាពអាជីវកម្មក្នុងប្រទេស បង្ខំប្រជាជនឱ្យជម្លៀសចេះផ្ទះរបស់ពួកគេ និងបណ្តាលឱ្យមានការប្រមូលទាហានបម្រុងរាប់សែននាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់តួលេខបឋមដែលចេញផ្សាយកាលពីថ្ងៃចន្ទថា ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ១៩,៤% ប្រចាំឆ្នាំក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ២០២៣។ នេះគឺការធ្លាក់ចុះខ្លាំងជាងការប៉ាន់ស្មានរបស់ក្រុមអ្នកវិភាគនៅក្នុងការអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ដែលថា ធ្លាក់ចុះ ១០,៥%។

លោក Tadas Gedminas និងលោក Kevin Daly សេដ្ឋវិទូមកពីក្រុមហ៊ុន Goldman Sachs Group Inc. បានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា៖ «ការចេញផ្សាយនេះបង្ហាញពីកម្រិតដែលសេដ្ឋកិច្ចអ៊ីស្រាអែលបានរងផលប៉ះពាល់ដោយសារជម្លោះ ជាពិសេសផលប៉ះពាល់លើផ្នែកសកម្មភាពឯកជន»។

ទោះបីជាសង្រ្គាមបានប៉ះពាល់ដល់សន្ទុះសេដ្ឋកិច្ចឆ្ពោះនៅដំណាច់ឆ្នាំ២០២៣ ក៏ដោយ ក៏ផលិតផលក្នុងស្រុកសរុបនៅតែកើនឡើង ២% សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៣ ដែលត្រូវគ្នានឹងការព្យាកររបស់នាយកដ្ឋានស្រាវជ្រាវនៃធនាគារកណ្តាលអ៊ីស្រាអែល។ ការប៉ាន់ប្រមាណអំពីកំណើនសេដ្ឋកិច្ចដែលធ្វើឡើងដោយធនាគារអ៊ីស្រាអែលសម្រាប់ឆ្នាំ២០២៤ មានអត្រា ២% ដូចគ្នា ខណៈពេលដែលក្រសួងហិរញ្ញវត្ថុមើលឃើញថាមានកំណើនតែ ១,៦% ប៉ុណ្ណោះ៕