(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីសីន បានស្នើឱ្យគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនៃធនាគារកណ្តាលថៃរៀបចំកិច្ចប្រជុំវិសាមញ្ញជាបន្ទាន់ដើម្បីកាត់បន្ថយអត្រាការប្រាក់ ដោយនិយាយថា ទិន្នន័យចុងក្រោយបង្អស់បានបង្ហាញថា សេដ្ឋកិច្ចស្ថិតក្នុងវិបត្តិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ខ្ញុំសូមអំពាវនាវឱ្យគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ (MPC) កោះប្រជុំគណៈកម្មាធិការជាបន្ទាន់ដើម្បីពិចារណាកាត់បន្ថយអត្រាការប្រាក់ដោយមិនចាំបាច់រង់ចាំកិច្ចប្រជុំដែលបានគ្រោងទុក»

គណៈកម្មាការ MPC ដែលដឹកនាំដោយទេសាភិបាលធនាគារកណ្តាលថៃលោក Sethaput Suthiwartnaruput មិនមានគម្រោងបើកកិច្ចប្រជុំសាមញ្ញរបស់ខ្លួនទេរហូតដល់ថ្ងៃទី១០ ខែមេសា។ ឆ្លើយតបទៅនឹងសំណួរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ទៅនឹងការអំពាវនាវរបស់លោក សេដ្ឋា ឱ្យកោះប្រជុំជាបន្ទាន់ អ្នកតំណាងនៃធនាគារកណ្តាលថៃបាននិយាយថា ធនាគារកណ្តាលនឹងមិនផ្តល់ការឆ្លើយតបណាមួយទេ។

ការប្រឈមមុខដាក់គ្នាពាក់ព័ន្ធនឹងអត្រាការប្រាក់គោលនយោបាយនេះគឺជាករណីចុងក្រោយនៃការមិនចុះសម្រុងគ្នារវាងនាយករដ្ឋមន្ត្រីថៃ និងទេសាភិបាលធនាគារកណ្តាល បន្ទាប់ពីភាគីទាំងពីរបានបង្ហាញជាសាធារណៈនូវភាពមិនយល់ស្របលើផែនការរបស់រដ្ឋាភិបាលស្តីពីវិធានការឧបត្ថម្ភសាច់ប្រាក់ និងការវាយតម្លៃសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ។ ការប្រេះឆានេះបានបង្ហាញពីទស្សនៈខុសគ្នារវាងអ្នកបង្កើតគោលនយោបាយសំខាន់ៗក្នុងការគ្រប់គ្រងសេដ្ឋកិច្ចថៃដែលមានទំហំ ៥០០ពាន់លានដុល្លារ ដែលបង្កឱ្យវិនិយោគិនភ្ញាក់ផ្អើល។

ទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃបានកើនឡើង ១,៧% នៅក្នុងត្រីមាសទី៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទាបជាងការព្យាករជាមធ្យម ២,៦% ដោយសេដ្ឋវិទូក្នុងការអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg។ បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣ ទិន្នផលសេដ្ឋកិច្ចប្រចាំត្រីមាសទី៤ បានធ្លាក់ចុះ ០,៦% ធៀបនឹងការព្យាករដែលថាធ្លាក់ចុះ ០,១%។ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៣ សេដ្ឋកិច្ចបានកើនឡើង ១,៩%៕