(ភ្នំពេញ)៖ នៅខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលសម្រាប់ថវិកាជាតិ មានចំនួន ១ ២០៩.១៤ ប៊ីលានរៀល (ប្រមាណជា ២៩៨.៥៥ លានដុល្លារ) ស្មើនឹង ៧.១៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

ការបង្ហាញពីចំណូលពន្ធនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៤ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាព លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ លោក គង់ វិបុល បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ កំពុងត្រៀមដាក់ឱ្យអនុវត្តនូវកម្មវិធីរដ្ឋបាលអេឡិចត្រូនិក (GDT e-Administration) ដែលផ្តល់ភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា ប្រកបដោយភាពជឿទុកចិត្តលើការផ្តល់សេវាអ្នកជាប់ពន្ធ ក្នុងការដាក់លិខិតរដ្ឋបាល ផ្សេងៗមកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដែលយន្តការនេះ គឺបានបង្កើតនូវជម្រើសតាមអនឡាញបន្ថែម ពីលើជម្រើសនៃការអញ្ជើញមកផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ។

អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ ចំណូលសម្រាប់ឆ្នាំ២០២៣ នឹងទទួលបាននូវលទ្ធផលល្អប្រសើរ ដោយមិនមានការថមថយឡើយ តាមរយៈប្រព័ន្ធពន្ធដារ e-Filing និង ToI e-Filing ដែលរឹងមាំនិងមានតម្លាភាព ដែលជាយន្តការយ៉ាងសំខាន់ ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការ ដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check)។

សម្រាប់ក្នុងខែមករា ឆ្នាំ២០២៤ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ប្រមូលបាន ចំនួន ៣៥,១១ ប៊ីលានរៀល (ប្រមាណ ៨.៦៧លានដុល្លារ)។

ជាមួយគ្នានេះ លោក គង់ វិបុល បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួម យ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលជាជោគជ័យនិងជាសមិទ្ធផល រួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល៕