(សៀងហៃ)៖ ទិន្នន័យផ្លូវការបានបង្ហាញថា ការចំណាយនៅថ្ងៃវិស្សមកាលឆ្នាំថ្មីនៅប្រទេសចិនកាលពីសប្តាហ៍មុនបានកើនឡើងខ្ពស់ជាងកម្រិតមុនពេលមានជំងឺរាតត្បាត ដែលជាស្ថានភាពប្រសើរមួយសម្រាប់ចិនដែលកំពុងជួបការលំបាកដោយសារការធ្លាក់ចុះការចំណាយលើការប្រើប្រាស់ និងបរិត្តផរណា។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផសាយដោយក្រសួងវប្បធម៌ និងទេសចរណ៍ចិនកាលពីថ្ងៃអាទិត្យថា ការចំណាយក្នុងស្រុកលើការកម្សាន្ត ការបរិភោគអាហារ និងការធ្វើដំណើរបានកើនឡើងក្នុងអំឡុងវិស្សមកាលឆ្នាំថ្មីនៅឆ្នាំនេះ ដែលបានបញ្ចប់ជាផ្លូវការកាលពីថ្ងៃសៅរ៍។

ក្រសួងបាននិយាយថា អ្នកធ្វើដំណើរជនជាតិចិនបានធ្វើដំណើរចំនួន ៤៧៤លានជើងនៅទូទាំងប្រទេសក្នុងអំឡុងពេលឈប់សម្រាករយៈពេលប្រាំបីថ្ងៃ កើនឡើង ១៩ភាគរយធៀបនឹងឆ្នាំ២០១៩ ដែលជាការដើរកម្សាន្តប្រចាំឆ្នាំច្រើនធំបំផុតក្នុងពិភពលោក។

ក្រសួងបាននិយាយថា ការចំណាយក្នុងស្រុកលើវិស័យទេសចរណ៍មានការចំណាយប្រាក់ ៦៣២,៧ពាន់លានយន់ (៨៧,៩ពាន់លានដុល្លារ) កើនឡើង ៧,៧ភាគរយធៀបនឹងឆ្នាំ២០១៩ ដែលជាឆ្នាំមុនកើតមានវិបត្តិកូវីដ-១៩។

វិស្សមកាលឆ្នាំថ្មីឆ្នាំនេះគឺជាលើកទី២ របស់ប្រទេសចិនបន្ទាប់ពីមានការលុបចោលភ្លាមៗនៅចុងឆ្នាំ២០២២ ដោយសារគោលនយោបាយកូវីដសូន្តយដើម្បីរឹតបន្តឹងការទប់ស្កាត់ជំងឺរាតត្បាតនៅប្រទេសចិន ដែលបានធ្វើឱ្យការចំណាយរបស់អតិថិជនធ្លាក់ចុះ និងប៉ះពាល់ដល់ទំនុកចិត្តអាជីវកម្មតាមរយៈការបិទខ្ទប់ប្រទេស និងការធ្វើចត្តាឡីស័ករយៈពេលវែង៕