(សិង្ហបុរី)៖ សិង្ហបុរីត្រូវតែត្រៀមខ្លួនសម្រាប់បរិយាកាសពាណិជ្ជកម្មដ៏លំបាកកាន់តែខ្លាំងនៅថ្ងៃខាងមុខ ដោយមិនគិតពីថាអ្នកណាជាអ្នកឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកាខាងមុខ ខណៈរដ្ឋបុរីមួយនេះព្យាយាមក្លាយខ្លួនជាមជ្ឈមណ្ឌលខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីលោក Gan Kim Yong បានប្រាប់ទូរទស្សន៍ Bloomberg ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទថា៖ «នៅថ្ងៃខាងមុខ បរិយាកាសពាណិជ្ជកម្មនឹងមានការប្រកួតប្រជែងកាន់តែខ្លាំ»។ លោកបានបន្ថែមថា៖ «មិនថាលោក ដូណាល់ ត្រាំ ឡើងកាន់អំណាចឬអត់នោះទេ ខ្ញុំគិតថា យើងត្រូវតែត្រៀមខ្លួនសម្រាប់ចក្ខុវិស័យកាន់តែលំបាក»

ប្រទេសសិង្ហបុរីដែលពឹងផ្អែកលើពាណិជ្ជកម្មងាយរងគ្រោះទៅនឹងការប៉ះទង្គិចផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់។ ទោះបីជាមានភាពធន់នឹងការរំខាននានាដែលបង្កើឡើងដោយសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន និងការរាតត្បាតកូវីដ-១៩ ក៏ដោយ ក៏រដ្ឋបុរីមួយនេះនៅតែប្រឈមមុខនឹងហានិភ័យភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងរវាងសង្គ្រាមនៅអ៊ុយក្រែននិងនៅមជ្ឈិមបូព៌ា ក៏ដូចជាភាពតានតឹងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនជុំវិញបញ្ហាកោះតៃវ៉ាន់ និងជម្លោះសមុទ្រចិនខាងត្បូង។

លោក Gan បានមានប្រសាសន៍ថា៖ «នោះហើយជាមូលហេតុដែលវាមានសារៈសំខាន់សម្រាប់សិង្ហបុរីក្នុងការបន្តធ្វើឱ្យការតភ្ជាប់កាន់តែស៊ីជម្រៅរបស់យើងជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗរបស់យើង បន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មរបស់យើងទៅតាមលទ្ធភាពរបស់យើងដើម្បីអាចដើរតួនាទីនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របៀបថ្មីនេះ»

លោកបានបន្ថែមថា៖ «យើងពិតជារំពឹងថា ខ្សែសង្វាក់ផ្គត់ផ្គង់នឹងត្រូវបានរៀបចំឡើងវិញតាមពេលវេលា ដោយសារប្រទេសកាន់តែច្រើនកំពុងសម្លឹងរកមើលប្រភពផ្គត់ផ្គង់ ឬផ្លាស់ប្តូរទីតាំងផលិតកម្មចេញក្រៅប្រទេស»

លោកបានបន្តថា៖ «ប្រទេសសិង្ហបុរីចង់ដើរតួនាទីក្នុងសង្វាក់ផ្គត់ផ្គង់របៀបថ្មីនេះ»

សិង្ហបុរីពឹងផ្អែកលើឋានៈរបស់ខ្លួនជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងឡូជីស្ទិកដ៏សំខាន់នៅក្នុងទ្វីបអាស៊ី ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច ដោយរដ្ឋាភិបាលបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចនៅឆ្នាំបច្ចុប្បន្ននៅចន្លោះពី ១% ទៅ ៣% ។ ទោះយ៉ាងណា ការសម្រេចបានកំណើនសេដ្ឋកិច្ចនេះឬយ៉ាងណានោះអាស្រ័យយ៉ាងខ្លាំងទៅលើការនាំចេញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕