(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា វិស័យឧស្សាហកម្ម​មិនមែនកាត់ដេរ បានហក់ឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល​ចុងក្រោយនេះ ដែលជាសមិទ្ធផលថ្មីមួយ នៃការអនុវត្តគោលនយោបាយការធ្វើពិពិធកម្មសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា។

​លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គូសបញ្ជាក់​បែបនេះធ្វើឡើងក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៤​ ដែលរៀបចំឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោកមានប្រសាសន៍ថា ​ឧស្សាហកម្មមិន​មែនកាត់ដេរ ​បានបង្ហាញនិន្នានាការប្រែប្រួលខ្លាំង ហើយនេះគឺជាទិសដៅដែលរាជរដ្ឋាភិបាលចង់បាន និង​ចង់ឱ្យមានការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញ។ កន្លងមកសម្រាប់ការនាំចេញក្នុងវិស័យឧស្សាហកម្ម​ សម្រាប់ផលិតផលកាត់ដេរ​បានគ្រប់ដណ្តប់ការនាំចេញ​លើសពី ៥០%ទៅ ៩០% ប៉ុន្តែកាលពីឆ្នាំ២០២៣កន្លងទៅ បានធ្លាក់ចុះក្រោម៥០%វិញ បើធៀបជាមួយនឹងការនាំចេញផលិតផលមិនមែនកាត់ដេរ។

លោកបានពន្យល់បន្តថា «អ្វីដែលយើងបានឃើញនៅឆ្នាំ២​០២៣នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលការអនុវត្តគោលនយោបាយ ធ្វើពិពិធកម្មសេដ្ឋកិច្ចឈានទៅដល់កម្រិតមួយ​ បើទោះបីជាមិនទាន់កម្រិតមួយ មិនទាន់ពេញចិត្ត ប៉ុន្តែបានឈានដល់កម្រិតមួយមានការប្រែប្រួល។ ធ្លាប់រាល់ដងយើងនាំចេញសម្លៀកបំពាក់លើស៥០% ហើយពីមុនលើសដល់៩០% ហើយឥលូវនេះធ្លាក់ចុះដល់ក្រោម៥០% បើធៀបជាមួយនឹងការនាំចេញផលិតផលមិនមែនកាត់ដេរ​។ នេះគឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលយើងសម្រេចបាននាពេលកន្លងមក ហើយយើងឃើញហើយរោងចក្រភាគច្រើន គឺរោងចក្រផលិតនូវទំនិញមិនមែនកាត់ដេរ»

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យចំនួន៤ គឺជាគ្រឹះនៃសេដ្ឋកិច្ចកម្ពុជា រួមមានវិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងកសិកម្ម ដោយវិស័យទាំង៤នេះ នៅតែបន្តដើរនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

លោក ផាន់ ផល្លា បានបញ្ជាក់ថា បើទោះបីជាវិស័យកាត់ដេរ នៅឆ្នាំ២០២៣ មានការថមថយ ប៉ុន្តែវិស័យនេះនៅតែជាវិស័យសំខាន់ សម្រាប់សេដ្ឋកិច្ចកម្ពុជា ខណៈរោងចក្រដែលកំពុងបើកដំណើរការនៅកម្ពុជា មានប្រមាណជាង ១៤០០រោងចក្រ និងបានផ្តល់ការងារដល់កម្មករនិយោជិតជាង៨០ម៉ឺននាក់។ លោកសង្ឃឹមថា នៅឆ្នាំ២០២៤នេះ វិស័យកាត់ដេរ នឹងល្អប្រសើរឡើងវិញ ដោយសារឆ្នាំ២០២៤នេះ ប្រទេសដែលជាដៃគូពាណិជ្ជកម្មនាំចេញរបស់កម្ពុជា មានស្ថានភាពសេដ្ឋកិច្ចល្អប្រសើរជាងមុន។ ​

ទោះជាយ៉ាងណាក្តី លោកលើកឡើងថា ការវិវត្តិនៃសេដ្ឋកិច្ច ​យើងមិនអាចថា វិស័យទាំងបួននេះ ជាវិស័យគ្រឹះនៃសេដ្ឋកិច្ចរហូតទេ ព្រោះការវិវត្តិនាពេលខាងមុខ​ តែងតែមានការផ្លាស់ប្តូរ ដោយសារវិស័យមួយអាចថយ ហើយវិស័យមួយទៀតអាចនឹងឡើងវិញ​។

សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីឆ្នាំ២០២៣ ការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានតម្លៃជាង ៩.២ពាន់លានដុល្លារ ថយចុះប្រមាណជាង១០%។ចំណែកការនាំចេញ​ ​ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា​ ព្រមទាំងគ្រឿងបន្ទាប់បន្សំ របស់ឧបករណ៍ទាំងនេះ​ មានតម្លៃ៣.១ពាន់លានដុល្លារ កើនឡើង ៥៦.៦%៕ ​