(ភ្នំពេញ)៖ ឆ្លើយតបនឹងសំនួរថា តើការធ្លាក់ចុះចំណាត់ថ្នាក់សេដ្ឋកិច្ចពិភពលោក របស់ប្រទេសជប៉ុន ពីលេខ៣ មកលេខ៤ មានការប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ឬទេ? ត្រូវបានមន្ដ្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការធ្លាក់ចុះសេដ្ឋកិច្ចនៃ​ប្រទេសជប៉ុន មិនបានប៉ះពាល់ធំដុំដល់សេដ្ឋកិច្ចប្រទេសកម្ពុជា។

បន្ថែមពីនោះទៀត មន្ដ្រីជាន់ខ្ពស់រូបនេះបានអះអាងថា ទោះបីជាសេដ្ឋកិច្ចនៃប្រទេសជប៉ុន មានការធ្លាក់ចុះក៏ពិតមែន ប៉ុន្ដែវិនិយោគិនជប៉ុន នៅតែបន្ដមកវិនិយោគនៅកម្ពុជាដដែល។

ថ្លែងក្នុងវេទិកាសាធារណៈ ស្ដីពីការផ្សព្វផ្សាយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់យ៉ាងដូច្នេះថា «ការធ្លាក់ចំណាត់ថ្នាក់សេដ្ឋកិច្ចពិភពលោក នៃប្រទេសជប៉ុន មិនមានផលប៉ះពាល់ធំដុំមកកម្ពុជានោះទេ»

លើសពីនោះទៀត លោក ផាន់ ផល្លា បានបញ្ជាក់ឲ្យដឹងថា ក្នុងមួយឆ្នាំ កម្ពុជានាំចេញទៅជប៉ុន ប្រមាណជាង១ពាន់លានដុល្លារ ហើយចំពោះតួរលេខនេះ វាជាទំហំមួយដែលធំ ប៉ុន្ដែបើប្រៀបធៀប ជាមួយការនាំចេញទាំងមូល មិនសូវជាធំប៉ុន្មាននោះទេ។

លោកបានថ្លែងថា «ខ្ញុំចង់ជម្រាបថា សេដ្ឋកិច្ចប្រទេសជប៉ុន មិនមែនទើបតែជួបការលំបាកទេ គឺឃើញថា សេដ្ឋកិច្ចជប៉ុនមានកំណើនទាប តាំងពីយូរមកហើយដែល អ៊ីចឹងអ្វីដែលយើងឃើញ នៃការនាំចេញនេះ គឺរយៈពេល៣-៤ឆ្នាំ កន្លងមកនេះ ទោះបីជាពេលកូវីដ ក៏យើងនាំចេញទៅជប៉ុន ប្រហាក់ប្រហែល១,១០០លានដុល្លារ ទៅ១,២០០លានដុល្លារ នាពេលកន្លងមក»

លោក ផាន់ ផល្លា បានលើកឡើងថា ទោះបីជាសេដ្ឋកិច្ចជប៉ុន នៅក្នុងត្រីមាសចុងក្រោយ ឆ្នាំ២០២៣ ឃើញថា មានការលំបាកបន្ដិច ប៉ុន្ដែបើក្រឡេកមើលពីមុនវិញ គិតថាប្រហែលជាមិនមានផលប៉ះពាល់អ្វី ពីការធ្លាក់ចុះ នៃសេដ្ឋកិច្ចជ​ប៉ុននោះទេ។ ដោយឡែក ចំពោះវិនិយោគិន គឺនៅតែមកកម្ពុជា អត់មានអ្វីផ្លាស់ប្ដូរនោះទេ។

សូមបញ្ជាក់ថា ទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញ ទៅកាន់ប្រទេសជប៉ុនរួមមាន៖ សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យ និងផលិផលស្បែក និងនាំចូលមកវិញគ្រឿងចក្រ រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារឹម ក្រណាត់ និងផលិតផលប្លាស្ទិកពីប្រទេសជប៉ុន។

កម្ពុជា និងជប៉ុន ក៏កំពុងស្វែងរកឱកាសទៅវិញទៅមក ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគ ដោយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរបស់ជប៉ុនជាច្រើន បានមកដល់ប្រទេសកម្ពុជា និងសិក្សាពីឱកាសវិនិយោគ នៅក្នុងប្រទេសកម្ពុជា៕