(ភ្នំពេញ)៖ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០២៤នេះ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស ដែលជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា សុទ្ធតែបង្ហាញនូវសញ្ញាវិជ្ជមាន ដែលនឹងជះផលល្អ ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

ប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជារួមមាន សហរដ្ឋអាមេរិក តំបន់អឺរ៉ុប ចិន ជប៉ុន និងអាស៊ានបូកបី (អាស៊ាន ចិន កូរ៉េ និងជប៉ុន)។

ការថ្លែងរបស់លោក ផាន់ ផល្លា ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្ដីពីការផ្សព្វផ្សាយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ វីជិនស៉ីភ្នំពេញ។

លោកបានថ្លែងថា «យើងអាចវាយតម្លៃបានថា សម្រាប់ឆ្នាំ២០២៤នេះ ជាសញ្ញាមានភាពវិជ្ជមាន នៅក្នុងដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ហើយនឹងអាចផ្តល់ផលល្អដល់កម្ពុជា»

លោករដ្ឋលេខាធិការបញ្ជាក់ថា នៅឆ្នាំ២០២៣ និង២០២៤ សេដ្ឋកិច្ចរបស់កម្ពុជា មានសុទិដ្ឋិនិយមក្នុងការសម្រេចបានកំណើនសេដ្ឋកិច្ចល្អ ដោយឆ្នាំ២០២៣ អាចសម្រេចបាន ៥.៦ភាគរយើ។ ការកើនឡើងនៃសេដ្ឋកិច្ចគាំទ្រ ដោយការងើបឡើងវិញនៃវិស័យទេសចរណ៍, ការកើនឡើងនៃការនាំចេញផលិតផលមិនមែនកាត់ដេរ ដែលឈានដល់ចំណុចខ្ពស់ ជាការនាំចេញផលិតផលកាត់ដេរ, លទ្ធផលល្អនៃវិស័យកសិកម្ម ទទួលបានតម្លៃខ្ពស់។

លោកបន្តថា សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថាមានកំណើន ៦.៦ភាគរយ ដោយសារសញ្ញាវិជ្ជមាន នៃដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ហើយវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ក៏នៅតែរំពឹងថាមានកំណើនល្អ។ ចំណែកវិស័យទេសចរណ៍ ក៏រំពឹងថានឹងបន្តកើនឡើងផងដែរ ខណៈវិស័យកាត់ដេរ បានបញ្ហាញសញ្ញាមានកំណើនឡើងវិញ នៅដើមឆ្នាំ២០២៤នេះ៕