(ភ្នំពេញ)៖ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម (SME) នាពេលកន្លងមក។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ផាន់ ផល្លា អញ្ជើញចូលរួមក្នុងវេទិកាសាធារណៈ ស្ដីពីការផ្សព្វផ្សាយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ឆ្លើយតបនឹងសំនួរ ថាតើរាជរដ្ឋាភិបាលកម្ពុជា បានជួយអ្វីខ្លះដល់ SME? លោក ផាន់ ផល្លា បានបញ្ជាក់ថា «ខ្ញុំចង់ជម្រាបថា ពាក់ព័ន្ធនឹង SME គឺជាការងារមួយ ដែលយើង​បានច្រើនកន្លងមក ហើយខ្ញុំគិតប្រហែលជារឿងខ្លះ យើងដាក់ចេញទៅ ប្រហែលជាអ្នកមិនធ្វើការពាក់ព័ន្ធនឹងការងារហ្នឹង ប្រហែលជាអត់ដឹងអត់ឃើញ»

លោកក៏បានលើកជាឧទាហរណ៍ ពាក់ព័ន្ធនឹងច្បាប់វិនិយោគ ដែលរដ្ឋាភិបាលបានកែសម្រួល និងរៀបចំអនុក្រឹត្យថ្មី ដោយនៅក្នុងច្បាប់វិនិយោគថ្មីនេះជាច្បាប់មួយ ដែលរដ្ឋបានកែសម្រួលដើម្បីឲ្យស្របតាម ស្ថានភាពសេដ្ឋកិច្ច ដែលរដ្ឋកំពុងតែចង់បាន ហើយអ្វីដែលរដ្ឋចង់បាន គឺចង់ពង្រឹង SME។

លោក ផាន់ ផល្លា បានបញ្ជាក់ថា ច្បាប់វិនិយោគថ្មីនេះ រដ្ឋាភិបាលបានកែសម្រួល ដោយផ្ដល់ឲ្យអ្នក ដែលផ្ដល់ទៅឲ្យវិនិយោគិននាំចេញ គឺមិនតម្រូវឲ្យបង់ថ្លៃអ្វីនោះទេ ហើយនេះជាគន្លឹះនៃការជួយសម្រួលដល់ SME ដើម្បីធ្វើឲ្យ SME អាចនៅភ្ជាប់ជាមួយនឹងក្រុមហ៊ុនធំៗបាន។

លោក ផាន់ ផល្លា ក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលបានបង្កើតធនាគាររដ្ឋមួយ គឺធនាគារ SME BANK បើទោះបីជាធនាគារនេះ ទើបចាប់ផ្តើមក្នុងឆ្នាំ២០២០ មុនកូវីដក៏ដោយ ប៉ុន្ដែការបង្កើតធនាគារនេះ គោលដៅដែលសំខាន់ គឺការជួយដល់ SME។

លើសពីនោះទៀត លោកបានបន្ថែមថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក៏បានជួយទៅដល់ក្នុងវិស័យកសិកម្ម ដែលពាក់ព័ន្ធនឹងការដាំដុះផងដែរ។

លោកបានឲ្យដឹងទៀតថា រដ្ឋាភិបាលបានបង្កើតមូលនិធិអភិឌ្ឍន៍ជំនាញ ហើយមូលនិធិនេះ មិនមែនសម្រាប់តែក្រុមហ៊ុនធំៗនោះទេ ដែលអាចមកទទួលបាននូវមូលនិធិនេះ, ក្រុមហ៊ុន SME ទាំងឡាយណា ដែលលោកចង់បណ្ដុះបណ្ដាលបុគ្គលិក លើជំនាញណាពិតប្រាកដ ក៏អាចដាក់ពាក្យសុំពីមូលនិធិអភិឌ្ឍន៍ជំនាញនេះបានដែរ។

សូមជម្រាបផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយសម្រេចកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ។ ការចេញអនុក្រឹត្យនេះ ធ្វើឡើងដើម្បីលើកកម្ពស់ និងផ្តល់តម្លៃដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ក្នុងការបង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ៕