(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានរៀបចំកម្មវិធីជំនួយហិរញ្ញវត្ថុចំនួន ៧៥,៩ពាន់ពាន់លានវ៉ុន (៥៦,៩៧ពាន់លានដុល្លារ) សម្រាប់ក្រុមហ៊ុនដែលបង្កើនការវិនិយោគក្នុងវិស័យសំខាន់ៗ ក៏ដូចជាអាជីវកម្មខ្នាតតូចដែលកំពុងជម្នះនឹងផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយគណៈកម្មការសេវាកម្មហិរញ្ញវត្ថុកូរ៉េខាងត្បូងថា កម្មវិធីនេះរួមបញ្ចូលទាំងទឹកប្រាក់ ១៥ពាន់ពាន់លានវ៉ុននៃប្រាក់កម្ចីគោលនយោបាយដែលមានការប្រាក់ទាបពីធនាគាររដ្ឋសម្រាប់ឧស្សាហកម្មសំខាន់ៗដូចជាការផលិតបន្ទះឈីប និងអាគុយជាដើម ខណៈដែលធនាគារពាណិជ្ជក៏នឹងផ្តល់ទឹកប្រាក់ ២០ពាន់ពាន់លានវ៉ុនដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូចនិងមធ្យមដែរ។

លោក Kim Joo-hyun ប្រធានគណៈកម្មការសេវាកម្មហិរញ្ញវត្ថុបាននិយាយថា៖ «ធនាគាររបស់យើងចាំបាច់ត្រូវចាប់ផ្តើមការប្រឹងប្រែងដើម្បីពង្រីកការគាំទ្រសម្រាប់ក្រុមហ៊ុន ក្រៅពីការផ្តល់ហិរញ្ញប្បទានអតិថិជនដោយផ្តោតលើប្រាក់កម្ចីទិញផ្ទះ»

លោក Kim បានថ្លែងថា ការវិវត្តទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន ការរីកចំរើនផ្នែកបច្ចេកវិទ្យានៅក្នុងឧស្សាហកម្មធំៗ និងការបែកបាក់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក បង្កបញ្ហាប្រឈមថ្មីដល់ក្រុមហ៊ុនដែលជំរុញឱ្យមានតម្រូវការឱ្យមានកំណែទម្រង់បទប្បញ្ញត្តិ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។

គណៈកម្មការសេវាកម្មហិរញ្ញវត្ថុកូរ៉េខាងត្បូងបានឱ្យដឹងថា សម្រាប់ក្រុមហ៊ុនដែលប្រឈមនឹងបញ្ហាសាច់ប្រាក់ក្នុងឆ្នាំនេះដោយសារអត្រាការប្រាក់ខ្ពស់ ធនាគារនឹងផ្តល់ការកាត់បន្ថយអត្រាការប្រាក់បណ្តោះអាសន្នជូនក្រុមហ៊ុនទាំងនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕