(ហ្សាការតា)៖ រដ្ឋាភិបាលសិង្ហបុរីបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា សិង្ហបុរីបានក្លាយជាប្រទេសដំបូងគេដែលចុះហត្ថលេខាលើលិខិតសម្តែងបំណង (LOI) ជាមួយប្រទេសឥណ្ឌូណេស៊ីលើកិច្ចសហការឆ្លងព្រំដែនស្តីពីការចាប់យកនិងការស្តុកទុកកាបូនឌីអុកស៊ីត (CCS)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសឥណ្ឌូណេស៊ីដែលមើលឃើញសក្តានុពលក្នុងការអភិវឌ្ឍវិស័យឧស្ម័នធម្មជាតិ និង CCS ថាជាផ្នែកមួយនៃការផ្លាស់ប្តូរសកលលោកឆ្ពោះទៅកាន់ឥន្ធនៈបៃតងនោះ កាលពីខែមុនបានចេញបទប្បញ្ញត្តិប្រធានាធិបតីមួយដែលអនុញ្ញាតឱ្យប្រតិបត្តិករ CCS បែងចែក ៣០ភាគរយនៃសមត្ថភាពផ្ទុកកាបូនរបស់ពួកគេសម្រាប់កាបូនឌីអុកស៊ីត (CO2) (ឬឧស្ម័នកាបូនិច) ដែលនាំចូល។

ប្រទេសសិង្ហបុរីដែលកំណត់គោលដៅបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ២០៥០ កំពុងសម្លឹងរកមើលបច្ចេកវិទ្យាបញ្ចេញឧស្ម័នកាបូនទាបដូចជាការប្រើប្រាស់ឧស្ម័នអ៊ីដ្រូសែន និង CCS ដែលជាផ្នែកមួយនៃវិធានការកាត់បន្ថយឧស្ម័នកាបូនរបស់ខ្លួន។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមមួយដែលចេញផ្សាយកាលបីថ្ងៃព្រហស្បតិ៍ដោយប្រទេសទាំងពីរបានឱ្យដឹងថា សិង្ហបុរី និងឥណ្ឌូនេស៊ីនឹងបង្កើតក្រុមការងារមួយដើម្បីរុករកកិច្ចព្រមព្រៀងទ្វេភាគីដែលចងភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់ស្តីពីការដឹកជញ្ជូនឧស្ម័នកាបូនិចឆ្លងព្រំដែននិងការស្តុកទុកឧស្ម័ននេះរវាងប្រទេសជិតខាងទាំងពីរនេះ។

លោក Jodi Mahardi អនុរដ្ឋមន្ត្រីសម្របសម្រួលរបស់ឥណ្ឌូណេស៊ីទទួលបន្ទុកគ្រប់គ្រងថាមពលបានប្រាប់រ៉យទ័រថា កិច្ចព្រមព្រៀងគ្រោងនេះបានបង្កើតជា «ព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងការគ្រប់គ្រងបរិស្ថាន»

លោក Keith Tan អនុលេខាក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី (MTI) បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានរួមថា៖ «ការចាប់យក និងស្តុកកាបូនឆ្លងព្រំដែន គឺជាដំណោះស្រាយដែលកំពុងស្ទុះងើបនៅទ្វីបអាស៊ី និងគាំទ្រដល់ការផ្លាស់ប្តូររបស់ប្រទេសសិង្ហបុរីឆ្ពោះទៅរកអនាគតដែលមានកាបូនទាប»

CCS គឺជាដំណើរការចាប់យក ដឹកជញ្ជូន និងរក្សាទុកឧស្ម័នកាបូនិច (CO2) ដែលឧស្ម័ននេះកើតចេញពីសកម្មភាពផ្សេងទៀត ដូចជាការផលិតថាមពលជាដើម។ ដូច្នេះ CO2 ដែលត្រូវបានចាប់យកនឹងមិនត្រូវបានបញ្ចេញទៅក្នុងបរិយាកាសទេ ដោយផ្តល់ជាមធ្យោបាយមួយឆ្ពោះទៅរកការដកឧស្ម័នកាបូនចេញពីវិស័យដែលពិបាកនឹងកាត់បន្ថយកាបូនដូចជាវិស័យថាមពល និងសារធាតុគីមីជាដើម។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ទីភ្នាក់ងារថាមពលអន្តរជាតិបានឱ្យដឹងថា ការប្រើប្រាស់និងកន្លែងស្តុកទុកកាបូនសកលនឹងត្រូវបង្កើនសមត្ថភាពរបស់ខ្លួនដល់ប្រហែល ១ជីហ្គាតោនក្នុងមួយឆ្នាំ (gtpa) នៅឆ្នាំ២០៣០និង ៦ gtpa នៅឆ្នាំ២០៥០ ដើម្បីសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធនៅឆ្នាំ២០៥០។ ឧស្ម័នកាបូនឌីអុកស៊ីតប្រមាណ ៤០លានតោនត្រូវបានចាប់យក និងរក្សាទុកនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២២។

ក្រុមអ្នករិះគន់និយាយថា CCS គឺជាបច្ចេកវិទ្យាដែលមានតម្លៃថ្លៃ និងមិនទាន់មានការបញ្ជាក់ថាមានប្រសិទ្ធភាពនៅឡើយទេ ប៉ុន្តែប្រទេសឥណ្ឌូណេស៊ីមានបំណងចង់ក្លាយជាមជ្ឈមណ្ឌលផ្ទុកឧស្ម័នកាបូនិកនៅក្នុងតំបន់៕