(គូឡាឡាំពួ)៖ សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើងយឺតជាងការរំពឹងទុកបន្តិចកាលពីឆ្នាំមុន ដោយសារតម្រូវការសកលលោកទាបប៉ះពាល់ដល់ការនាំចេញ និងសកម្មភាពផលិតកម្មក្នុងប្រទេស។ នេះបើយោងតាមទីភ្នាក់ការងារព័ត៌មាន Bloomberg។

ទីភ្នាក់ការងារព័ត៌មាន Bloomberg បានរាយការណ៍ថា ផលិតផលក្នុងស្រុកសរុបបានកើនឡើង ៣,៧% កាលពីឆ្នាំមុន ធៀបនឹងអត្រា ៣,៨% នៃការការប៉ាន់ប្រមាណកម្រិតខ្ពស់ និងក្នុងការព្យាករជាមធ្យមរបស់អ្នកវិភាគនៅក្នុងការស្ទង់មតិរបស់ Bloomberg។

ធនាគារកណ្តាលម៉ាឡេស៊ី Bank Negara Malaysia បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានតាមអ៊ីមែលមួយនៅថ្ងៃសុក្រថា សម្រាប់ត្រីមាសទី៤ សេដ្ឋកិច្ចបានកើនឡើង ៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣ វិញ សេដ្ឋកិច្ចម៉ាឡេស៊ីបានធ្លាក់ចុះ ២,១% នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣។

ធនាគារកណ្តាលបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «កំណើនសេដ្ឋកិច្ចបានថមថយក្នុងគ្រាដែលបរិយាកាសខាងក្រៅមានការប្រកួតប្រជែង។ នេះគឺដោយសារតែពាណិជ្ជកម្មសកលកាន់តែយឺត ការថយចុះវដ្តបច្ចេកវិទ្យាសកល ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងគោលនយោបាយរូបិយវត្ថុកាន់តែតឹងតែង»

ការថមថយកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ម៉ាឡេស៊ី បានដាក់បន្ទុកលើការនាំចេញ និងសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី។ ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតក៏រងគ្រោះផងដែរ។ ប្រទេសសិង្ហបុរីបានខកខានសម្រេចគោលដៅ ផ.ស.ស របស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ខណៈដែលប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនក៏បានមើលឃើញការថមថយកំណើនសេដ្ឋកិច្ចកាលពីឆ្នាំមុនផងដែរ។

ធ្លាប់ជាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតរបស់អាស៊ី ម៉ាឡេស៊ីបាននិងកំពុងប្រឈមការធ្លាក់ចុះការនាំចេញចាប់តាំងពីខែមីនាមក។ ការធ្លាក់ចុះនោះបានប៉ះពាល់ដល់វិស័យផលិតកម្មដែលកើនឡើងត្រឹមតែ ០,៧% ប៉ុណ្ណោះកាលពីឆ្នាំមុន ធៀបនឹងកំណើន ៨,១% ក្នុងឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕