(បាងកក)៖ ប្រទេសថៃអាចនឹងដកហូតពន្ធលើតម្លៃបន្ថែមលើទំនិញចិនដែលនាំចេញតាមតំបន់ពាណិជ្ជកម្មសេរីដើម្បីការពារក្រុមហ៊ុនផលិតក្នុងស្រុកដែលរងគ្រោះដោយការនាំចូលតម្លៃតម្លៃថោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទរបស់លោកពិចារណាលើការយកពន្ធលើតម្លៃបន្ថែមលើទំនិញដែលមានតម្លៃទាបជាង ១ ៥០០បាត (៤១ដុល្លារ) ដែលត្រូវបាននាំចូលតាមតំបន់រួចពន្ធដើម្បីបង្ការការប្រកាសទំនិញក្លែងក្លាយ។ លោក សេដ្ឋា បាននិយាយថា ទំនិញចិនដែលមានតំលៃថោកក៏កំពុងហូរចូលទៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងការរត់ពន្ធផងដែរ។

លោកបានឱ្យដឹងតាមរយៈសេចក្តីប្រកាសមួយនៅលើបណ្តាញសង្គម X ថា ការហូរចូលផលិតផលរបស់ចិនកំពុងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតក្នុងស្រុកដែលមិនអាចប្រកួតប្រជែងផ្នែកតម្លៃបាន។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ប្រទេសថៃបានមើលឃើញការកើនឡើងការនាំចូលទំនិញតម្លៃថោក ដែលជំរុញឱ្យក្រុមអាជីវកម្មសំខាន់ៗរបស់ប្រទេសនេះស្វែងរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី។ ថ្មីៗនេះនាយកដ្ឋានគយថៃត្រូវបានបញ្ជាឱ្យហាមឃាត់ការនាំចូលទំនិញចិនដែលគេហៅថាខោដំរី ខណៈដែលប្រទេសថៃបានចុះបញ្ជីការរក្សាកម្មសិទ្ធិបញ្ញាលើខោប្រភេទនេះរួចហើយ។

ប្រធានសភាពាណិជ្ជកម្មថៃលោក Sanan Angubolkul បាននិយាយថា ការនាំចូលទំនិញចិនតម្លៃទាបនឹងធ្វើឱ្យប៉ះពាល់ដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដោយសារការលក់របស់ពួកគេអាចរងផលប៉ះពាល់យ៉ាងខ្លាំង។ យោងតាមក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសថៃក្នុងឆ្នាំ២០២៣ ដែលមានតម្លៃពាណិជ្ជកម្មសរុបចំនួន ១០៥ពាន់លានដុល្លារ និងមានឱនភាពពាណិជ្ជកម្មចំនួន ៣៦,៦ពាន់លានដុល្លារ៕