(ភ្នំពេញ)៖ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅថា «សែលកាត-Cellcard» ជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេ និងជាក្រុមហ៊ុនក្នុងស្រុកតែមួយគត់ក្នុងប្រទេសកម្ពុជា មានមោទនភាពប្រកាសនូវការកើនឡើងប្រាក់ចំណេញទ្វេដង បន្ទាប់ពីបង់ពន្ធក្នុងឆ្នាំ២០២៣ ការកើនឡើងគួរឱ្យភ្ញាក់ផ្អើលនេះ គឺជាការបន្តការកើនឡើងចំនួន ៥០% ពីឆ្នាំ២០២១ និង២០២២។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នៃត្រីមាសទី៤ ឆ្នាំ ២០២៣ បានបង្ហាញថា ប្រាក់ចំណេញមានការកើនឡើងយ៉ាងច្រើន បើធៀបនឹងឆ្នាំមុនដែលការកើនឡើងនេះសរបង្ហាញអំពីសុខភាពហិរញ្ញវត្ថុដ៏រឹងមាំ និងប្រតិបត្តិការជោគជ័យរបស់ក្រុមហ៊ុន។

នៅក្នុងលទ្ធផលហិរញ្ញវត្ថុត្រីមាសទី៤ បញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ សែលកាត បានបង្ហាញឱ្យឃើញពីលទ្ធផលលេចធ្លោនៃប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធចំនួន ១៨២.៦ ប៊ីលានរៀល កើនឡើង ២២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ និងចំណូលសរុបសរុបចំនួន ១៨១.១ ប៊ីលានរៀល កើនឡើង ២១៨%។

សែលកាត បានពង្រឹងភាពលេចធ្លោរបស់ខ្លួន នៅក្នុងបរិបទបណ្តាញទូរស័ព្ទចល័តនៅកម្ពុជា ដោយទទួលបានងារជាបណ្តាញទូរស័ព្ទលឿនបំផុតសម្រាប់ត្រីមាសទី៤ ឆ្នាំ ២០២៣ នេះម្តងទៀត។ ដោយរង្វាន់ងារនេះទទួលបានទាំងពីរក្រុមហ៊ុន OpenSignal និង Ookla ។ Ookla បានរាយការណ៍ថា អ្នកប្រើប្រាស់ប្រព័ន្ធសែលកាត ទទួលបានល្បឿន ដោយល្បឿនទាញយក (Download Speed) តាមទូរស័ព្ទជាមធ្យមលឿនបំផុតក្នុងល្បឿន ៣៣,៧៤ Mbps ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ ២០២៣ ។ ខណៈពេលដែល OpenSignal បានបញ្ជាក់ពីប្រព័ន្ធសែលកាត មានល្បឿនទាញយក (Download Speed) ដាច់គេ ជាមធ្យម ២២,៣ Mbps ។ ពិន្ទុដ៏គួរឱ្យចាប់អារម្មណ៍នេះបានវ៉ាដាច់ដៃគូប្រកួតប្រជែងទាំងអស់ បើប្រៀបធៀបអំពីល្បឿន។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ខេម ជ្ជីអេសអេម ម.ក ហៅថា សែលកាត បានមានប្រសាសន៍ថា សែលកាតនៅតែមានបណ្តាញទូរស័ព្ទចល័តលឿនបំផុត និងមានសេវាគ្របដណ្តប់ទូទាំងប្រទេសដោយមានការជឿជាក់ និងជឿទុកចិត្ត សម្រាប់បម្រើអតិថិជនជាង ៤លាននាក់ និងឈានមុខគេមិនអាចប្រៀបផ្ទឹមបាននៅក្នុងទីផ្សារកម្ពុជាជាង ២០ ឆ្នាំហើយ។ របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៤ ឆ្នាំ២០២៣ បានបង្ហាញឱ្យឃើញពីដំណើរការដ៏រឹងមាំនៅក្នុងផ្នែកសំខាន់ៗដូចជា ទ្រព្យសកម្មសរុបបានកើនឡើង ៣% ឬ ៨១ ប៊ីលានរៀល ចំណេញលម្អិតក្នុងការិយបរិច្ឆេទបានកើនឡើង ២១៨% ឬ ១២៤ប៊ីលានរៀល ធៀបនឹងត្រីមាសទី៤ ឆ្នាំ ២០២២។

ត្រីមាសទី៤ ឆ្នាំ ២០២៣ ក៏បានផ្តល់លទ្ធផលនៃប្រាក់ចំណេញ និងប្រាក់ចំណេញក្រោយបង់ពន្ធគួរឱ្យចាប់អារម្មណ៍ផងដែរ។ ប្រាក់ចំណេញក្រោយបង់ពន្ធ “PAT” បានកើនឡើងយ៉ាងខ្លាំង រហូតដល់ចំនួន ២២០% ឬ ១២៥.៤ ប៊ីលានរៀល បើធៀបនឹងត្រីមាសទី៤ ឆ្នាំ ២០២២។ លទ្ធផលហិរញ្ញវត្ថុដូចក្នុងតួលេខដែលបានរៀបរាប់ខាងលើ បានបង្ហាញពីការបន្តភាពរឹងមាំ និងភាពធន់របស់ សែលកាត។ យើងមានទំនុកចិត្តលើយុទ្ធសាស្ត្ររបស់យើង ក្នុងការខិតខំដើម្បីជម្រុញ នឹងបន្តពង្រីកបណ្តាញទូរគមនាគមន៍ឱ្យកាន់តែល្អប្រសើរឡើង សម្រាប់អតិថិជននាពេលអនាគត។”

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញថា ចំណូលសរុបរបស់សែលកាតមានចំនួន ១៨៦.៩ ប៊ីលានរៀលក្នុងត្រីមាសទី៤ ឆ្នាំ ២០២៣ ។ ទ្រព្យសកម្មសរុបមានចំនួន ២,៥៦១ ប៊ីលានរៀល (កើនឡើង ៣% ឬ ៨១ ប៊ីលានរៀល) ដែលមានមូលធនសរុបមានចំនួន១,០៩៣ ប៊ីលានរៀល។ មូលធនសរុប ត្រូវបានបង្ហាញពីកំណើនប្រចាំឆ្នាំចំនួន ២៩% ក្នុងឆ្នាំ ២០២២ កើនឡើងលើសពីឆ្នាំ ២០២១ និងការកើនឡើងបន្ថែមទៀត ៤២% ក្នុងឆ្នាំ ២០២៣។

ជាយុទ្ធសាស្រ្តអាជីវកម្មឆ្នាំ ២០២៣ សែលកាតទទួលបានជោគជ័យ ក្នុងការកែលម្អគុណភាពបណ្តាញ និងជម្រុញឱ្យមានសេវាគ្របដណ្តប់យ៉ាងល្អ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ សែលកាតបានចេញប័ណ្ណធានានិរន្តរភាពថ្នាក់អន្តរជាតិដំបូងគេ ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ដោយទទួលបានប្រាក់ចំនួន ២០លានដុល្លារអាមេរិក ដើម្បីចំណាយលើការទទួលខុសត្រូវលើផ្នែកបរិស្ថាន និងសង្គម។

លើសពីនេះទៀត ក្រុមហ៊ុនទទួលបានហិរញ្ញប្បទានកម្ចីប្រកបដោយនិរន្តរភាពពីធនាគារ Deutsche Bank AG សាខាសិង្ហបុរី ចំនួន ៥០ លានដុល្លារអាមេរិក ក្នុងខែ ធ្នូ ឆ្នាំ ២០២៣។ ចំណូលនៃហិរញ្ញប្បទាននេះ នឹងត្រូវប្រើប្រាស់ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់ក្រុមហ៊ុនសែលកាត។ ទឹកប្រាក់សរុបចំនួន ៧០ លានដុល្លារអាមេរិកនេះ ត្រូវបានគាំទ្រហិរញ្ញប្បទានដោយក្រុមហ៊ុន Guarantco ដែលជាផ្នែកមួយនៃក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន(PIDG)។ គេរំពឹងថាអ្នកប្រើប្រាស់ជាងមួយលាននាក់នឹងទទួលបានអត្ថប្រយោជន៍ពីការបង្កើនល្បឿនអ៊ិនធឺណិត និងសេវាគ្របដណ្តប់ ទន្ទឹមនឹងនេះអាជីវកម្មនាៗ ក៏នឹងទទួលបានអត្ថប្រយោជន៍ពីការបង្កើនផលិតភាពតាមរយៈការធ្វើឱ្យប្រសើរឡើងនូវល្បឿនអ៊ិនធឺណិត និងសេវាគ្របដណ្តប់នេះផងដែរ។

លទ្ធផលជាវិជ្ជមានដែលទទួលបានហិរញ្ញវត្ថុទាំងនេះ នឹងជះឥទ្ធិពលមកលើសង្គមកម្ពុជា ដែលនឹងត្រូវបានគេរំពឹងថា អ្នកប្រើប្រាស់ជាងមួយលាននាក់ នឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើឱ្យប្រសើរឡើងនូវល្បឿនអ៊ិនធឺណិត និងសេវាទូរស័ព្ទគ្របដណ្តប់បានកាន់តែទូលំទូលាយ សម្រាប់បង្កលក្ខណៈងាយស្រួលដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ រួមទាំងធុរកិច្ចជនផងដែរ។ តាមរយៈសកម្មភាពយុទ្ធសាស្ត្រទាំងនេះ សែលកាតមិនត្រឹមតែលើកកម្ពស់គុណភាពសេវាកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែទូលំទូលាយក្នុងប្រទេសកម្ពុជាផងដែរ។

នៅក្នុងខែធ្នូ ឆ្នាំ ២០២៣ សែលកាតបានចាប់ផ្តើមកែលម្អបច្ចេកវិទ្យា និងប្រព័ន្ធទូទាត់វិក្កយបត្រ ដែលមានការត្រួតពិនិត្យផ្ទៃក្នុងយ៉ាងហ្មត់ចត់ ដើម្បីធានាដល់អាជីវកម្មដំណើការល្អនាពេលអនាគត។

របាយការណ៍ត្រីមាសទី៤ ឆ្នាំ ២០២៣នេះ បានបង្ហាញនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ផ្តល់នូវទិដ្ឋភាពទូទៅនៃលទ្ធផលប្រតិបត្តិការ និងហិរញ្ញវត្ថុ ដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នគិតត្រឹមថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ ដែលពិនិត្យដោយសវនករឯករាជ្យ។ របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះត្រូវបានរៀបចំឡើងស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិរបស់កម្ពុជា "CIFRS"។ របាយការណ៍ទាំងស្រុងមាននៅគេហទំព័រផ្សារហ៊ុនកម្ពុជា ( http://csx.com.kh/ ) សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីម៉ែលមក៖ [email protected]

អំពីក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក “សែលកាត” ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់ដំបូងទៅកាន់ទីផ្សារ និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្តបំផុត។ ក្រុមហ៊ុននេះជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ជាមួយ មានសេវាគ្របដណ្តប់ទូទាំងប្រទេស និងជាបណ្តាញចែកចាយដ៏ធំទូលាយ។

នៅខែមិថុនា ឆ្នាំ ២០២៣ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅថា “សែលកាត” បានបោះផ្សាយលក់មូលបត្រជាសាធារណៈដំបូងរបស់ខ្លួន (IPO) នៅផ្សារហ៊ុនកម្ពុជា ដោយក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេ ដែលបានចុះបញ្ជីនៅក្នុង ផ្សារមូលបត្រកម្ពុជា(CSX)។ សែលកាតនៅតែរក្សាជំហរមិនផ្លាស់ប្តូរ ក្នុងការបន្តពង្រីកបណ្តាញសេវាទូរស័ព្ទ និងធ្វើឱ្យបណ្តាញទូរគមនាគមន៍កាន់តែល្អប្រសើរនៅក្នុងទីផ្សារទូរគមនាគមន៍កម្ពុជា៕