(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នៅទូទាំងប្រទេស។

បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរាយការណ៍ពីលទ្ធផលការងារសំខាន់ៗមួយចំនួន ដែលសម្រេចបានក្នុងឆ្នាំ២០២៣ រួមមាន ចំណូលប្រមូលបានក្នុងឆ្នាំមានចំនួន ៩ ២៦៧.៤៨ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ២៨៨.២៧ លានដុល្លារ) ថយចុះប្រមាណ ១៥.៧% ធៀបនឹងចំណូលក្នុងឆ្នាំ២០២២។ លទ្ធផលនេះសម្រេចបាន ៨២.៤% នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
លោកបញ្ជាក់ថា ការប្រមូលចំណូលពុំបានសម្រេចតាមផែនការដូចនេះ បណ្ដាលមកពីកត្តាប្រឈមធំៗមួយចំនួន ជាពិសេស ការធ្លាក់ចុះទីផ្សារមុខទំនិញយានយន្ត ដែលកន្លងមកជាប្រភពចំណូលសំខាន់របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, កំណើនជាបន្តបន្ទាប់ទាំងវិសាលភាព និងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, និងការបន្តកើតមាននូវសកម្មភាពរត់គេចពន្ធ ដែលកាន់តែស្មុគស្មាញ និងជ្រកក្រោមរូបភាពថ្មីៗជាដើម។

បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករលើតម្លៃបន្ថែមមាន ៤១.២% នៃចំណូលសរុប, អាករពិសេសមាន ៣០.៣% នៃចំណូលសរុប, ពន្ធគយមាន ២១% នៃចំណូលសរុប, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមាន ៤.៣% នៃចំណូលសរុប និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ១.៨% នៃចំណូលសរុប។ ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា ក្រុមទំនិញចម្រុះមានមាន ៣៥.៣% នៃចំណូលសរុប, យានយន្តនិងគ្រឿងចក្រមាន ៣១.១% នៃចំណូលសរុប, ប្រេងឥន្ធនៈនិងថាមពលមាន ២៦.៦% នៃចំណូលសរុប, និងសម្ភារសំណង់និងកម្រៃផ្សេងៗមាន ៧% នៃចំណូលសរុប។

ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៤ ១៨៣ លានដុល្លារ ថយចុះប្រមាណ ៥% ធៀបនឹងឆ្នាំ២០២២ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។

ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២២ ៨៥៨ លានដុល្លារ កើនឡើងប្រមាណ ១.៨% ធៀបនឹងឆ្នាំ២០២២ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានការថយចុះ ១៣.១%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, អំពូល, ស្បែកសត្វកែច្នៃ, សំបកកង់រថយន្ត, ផលិតផលប្លាស្ទិច, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២០%, និងកសិផលមានកំណើន ២៤.៣%។

បន្ថែមពីលើការងារប្រមូលចំណូល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរ លើការងារសំខាន់ៗផ្សេងទៀត ដូចជា៖ (១). ការងារបច្ចេកទេសគយ, (២). កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈ ការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ, (៣). ការងារសវនកម្ម និងការគ្រប់គ្រងហានិភ័យ, (៤). ការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការអនុវត្តច្បាប់, (៥). ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម, (៦). ការចូលរួមកសាងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា, (៧). កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ, (៨). ការងារអភិវឌ្ឍធនធានមនុស្សនិងស្ថាប័ន, និង (៩). ការងារសង្គម មនុស្សធម៌ សិល្បៈនិងកីឡា។

ក្នុងឱកាសនេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់ ក្នុងការសម្រេចបាននូវលទ្ធផលល្អលើការប្រមូលចំណូល និងលើការដ្ឋានការងារផ្សេងទៀត របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ លទ្ធផលចំណូលដែលទទួលបាននេះ ត្រូវសម្រេចបានក្នុងស្ថានភាពមួយ ដែលបរិស្ថានជុំវិញជួបប្រទះនូវបញ្ហាប្រឈមនានា ដែលរួមមាន ការងើបឡើងយឺតនូវស្ថានភាពសេដ្ឋកិច្ច ប្រទេសមហាអំណាច, ការបន្តអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន, បញ្ហាសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់, បញ្ហានៅមជ្ឈឹមបូព៌ា, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ជាដើម ដែលបានបង្កការរំខានដល់វិស័យដឹកជញ្ជូនទំនិញ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ក៏ដូចជាតម្រូវការនៃការប្រើប្រាស់។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ។ ក្នុងនាមរាជរដ្ឋាភិបាល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងបន្តគាំទ្រ និងជ្រោមជ្រែងដល់កិច្ចខិតខំប្រឹងប្រែងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការអនុវត្តការងាររបស់ខ្លួន។

ដើម្បីបង្កើនប្រសិទ្ធភាពប្រមូលចំណូល និងការងារផ្សេងទៀតរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំ៖

១. រៀបចំកញ្ចប់វិធានការសម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ ឱ្យកាន់តែជាក់លាក់ដោយកំណត់ពេលវេលា និងសូចនាករច្បាស់លាស់ ដោយដកស្រង់ចេញពីវិធានការដែល អគរ បានដាក់ចេញសម្រាប់អនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០២៣, ផែនការសកម្មភាពឆ្នាំ២០២៤, និងវិធានការកិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ ១៤ ចំណុចដែលដាក់ចេញដោយ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នាវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩,
២. បន្ដធ្វើទំនើបកម្មនីតិវិធីគយតាមរយៈការជំរុញធ្វើឌីជីថលនីយកម្ម សំដៅកាត់បន្ថយការប្រើប្រាស់ឯកសារក្នុងទម្រង់ក្រដាស
៣. ជំរុញការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី៣ឱ្យបានពេញលេញ,
៤. រៀបចំយន្ដការតាមដាន វិភាគ និងវាយតម្លៃហានិភ័យដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងជាពិសេសជាមួយអគ្គនាយកដ្ឋានពន្ធដារ, និង
៥. លើកកម្ពស់អភិបាលកិច្ច តាមរយៈការអនុវត្តព្រមគ្នា នូវយន្តការនៃការដាក់ទោសទណ្ឌ និងការលើកទឹកចិត្ត ឱ្យកាន់តែមានប្រសិទ្ធភាព។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ឯកសារយុទ្ធសាស្ត្រ របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចំនួន ៣ គឺ ឯកសារយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មគយឆ្នាំ២០២៤-២០២៨, យុទ្ធសាស្ត្រអនុវត្តច្បាប់ និងអនុលោមភាពគយឆ្នាំ២០២៤-២០២៨, និងយុទ្ធសាស្ត្រកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច បានទទួលការអនុញ្ញាតឆ្នាំ២០២៣-២០២៥។

ដើម្បីជាការលើកទឹកចិត្ត អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីគយ និងរដ្ឋាករដែលមានស្នាដៃចំនួន ២៧រូបផងដែរ៕