(ភ្នំពេញ)៖ លោកស្រី ឌិត នីតា ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សម្រាប់អាណត្តិ២០២៤-២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន CMA នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះ លោក សុខ វឿន ក៏ត្រូវបានបោះឆ្នោតជ្រើសតាំង ជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមផងដែរ។

ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២៤ នៃសមាគមមីក្រូហិរញ្ញវរត្ថុកម្ពុជា នៅសណ្ឋាគារ ហ្កាឌិន ស៊ីធី នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានការចូលរួមពីសមាជិកសមាជិកាមកពីជាង ១០០គ្រឹះស្ថាន។

សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៥ គ្រឹះស្ថានដែលជាសមាជិកសមាគម បានបោះឆ្នោតជ្រើសប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន ១៣រូប រួមមាន៖

១. លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល មកពីគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត
២. លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាល មកពីគ្រឹះស្ថាន អិលអូអិលស៊ី (ខេមបូឌា)
ភីអិលស៊ី
៣. ឧកញ៉ា ឈុន សុភ័ក្រ្ត ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក
៤. លោក ដូស ឌីន ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត
៥. ឧកញ៉ា ហួត អៀងតុង ជាសមាជិក មកពីធនាគារ ហត្ថា ម.ក
៦. លោក គា បូរាណ ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ភីអិលស៊ី
៧. លោក ឃូ ប៊ុនទ្រី ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី
៨. កញ្ញា ឃុន សុនីតា ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ ស៊ី ភី
៩. លោក ប៉ា ប៉ុណ្ណរិទ្ធី ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី
១០. លោក ស៊ីម សេនាជាតិ ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺសហ្វាយនែន ភីអិលស៊ី
១១. លោក Yannick Nicolas MILEV ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក
១២. លោក ឌី ស៊ីថា ជាសមាជិក តំណាងឱ្យគ្រឹះស្ថានឥណទានជនបទ មកពីក្រុមហ៊ុន ដៃគូ ហ្វាយនែន ភីអិលស៊ី
១៣. លោក ខេង ទីឡែន ជាសមាជិក តំណាងឱ្យក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ មកពីក្រុមហ៊ុន ប៊ីអេសភី ហ្វាយនែន (ខេមបូឌា) ម.ក

លោកស្រី ឌិត នីតា ដែលជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត។ លោកស្រីបានចូលរួមក្នុងវិស័យមីក្រូហិរញ្ញវត្ថុដំបូង ក្នុងតួនាទីជានាយិកាប្រតិបត្តិនៃគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត មុនពេលចូលកាន់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះ។

លោកស្រីក៏មានតួនាទីជាក្រុមប្រឹក្សាភិបាល នៅវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) អាណត្តិមុនផងដែរ។ ចំពោះការសិក្សាវិញ លោកស្រីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងបរិញ្ញាបត្រពាណិជ្ជកម្មពីសាកលវិទ្យាល័យ Australian National University ក្នុងប្រទេសអូស្រ្តាលី និងជា Chartered Banker by Experience ដែលទទួលស្គាល់ដោយវិទ្យាស្ថាន Chartered Banker Institute នៅចក្រភពអង់គ្លេស៕