(បាងកក)៖ គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តថ្ងៃឈប់សម្រាកបន្ថែមសម្រាប់មន្ត្រីរាជការក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងខែមេសា ខណៈដែលប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះព្យាយាមរក្សានិរន្តរភាពការស្ទុះងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍របស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ថ្ងៃឈប់សម្រាកនៅថ្ងៃទី១២ ខែមេសា នឹងអនុវត្តចំពោះការិយាល័យរដ្ឋាភិបាល និងទីភ្នាក់ងាររដ្ឋផ្សេងទៀត ហើយនឹងបង្កើនថ្ងៃបុណ្យឈប់សម្រាកពិធីបុណ្យសង្ក្រាននេះរហូតដល់ ៥ថ្ងៃពោលគឺឈប់សម្រាកពីថ្ងៃទី១២ រហូតដល់ថ្ងៃទី ១៦ខែមេសា។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកនាយករដ្ឋមន្ត្រៃថៃ សេដ្ឋា ថាវីស៊ីន ដែលបានថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្ការថា វិធានការនេះនឹងជំរុញទេសចរណ៍ និងការចំណាយក្នុងស្រុក។

ចាប់តាំងពីចូលកាន់តំណែងកាលពីប្រាំមួយខែមុន រដ្ឋាភិបាលរបស់លោក សេដ្ឋា បានដាក់ចេញវិធានការជាច្រើន ដើម្បីជំរុញវិស័យទេសចរណ៍ ដែលលោកហៅថា «ការឈ្នះឆាប់រហ័ស» ដើម្បីជំរុញកំណើនវិស័យនេះដែលជាមធ្យមមានកម្រិតតិចជាង ២% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ វិស័យនេះចូលរួមចំណែកប្រហែល ១២% នៃផលិតផលក្នុងស្រុកសរុប និងជិតមួយភាគប្រាំនៃការងារ។

ប្រទេសថៃបានមើលឃើញកំណើននៃការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ៤៨% ដល់ ៤,៤លាននាក់គិតចាប់តាំងពីដើមឆ្នាំនេះមកធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងភ្ញៀវទេសចរចិនកាន់តែច្រើនដែលមកទស្សនាប្រទេសថៃក្រោមកម្មវិធីលើកលែងទិដ្ឋាការ។ ទិន្នន័យផ្លូវការបានបង្ហាញថា អ្នកធ្វើដំណើរជិត ២សែននាក់មកពីប្រទេសចិនដីគោកបានសម្រុកទៅទស្សនាប្រទេសថៃកាលពីសប្តាហ៍មុនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកចូលឆ្នាំចិន កើនឡើង ៦៨% ធៀបនឹងសប្តាហ៍មុន។

រដ្ឋាភិបាលថៃកំណត់គោលដៅភ្ញៀវបរទេសចំនួន ៣៥លាននាក់ក្នុងឆ្នាំ២០២៤ ដោយ ៨លាននាក់រំពឹងថាមកពីចិន។ អ្នកធ្វើដំណើរមកពីដីគោកមានចំនួនជាង ២៥% នៃភ្ញៀវទេសចរបរទេសសរុបចំនួន ៤០លាននាក់ក្នុងឆ្នាំ ២០១៩ ប៉ុន្តែចំនួនភ្ញៀវទេសចរចិនបានធ្លាក់ចុះដោយមានត្រឹមតែប្រហែល ៣,៥លាននាក់ប៉ុណ្ណោះក្នុងចំណោមភ្ញៀវទេសចរបរទេស ២៨លាននាក់ដែលបានមកទស្សនាប្រទេសថៃកាលពីឆ្នាំមុន។

ក្រសួងទេសចរណ៍ និងកីឡាថៃបានឱ្យដឹងថា ប្រាក់ចំណូលពីវិស័យទេសចរណ៍បរទេសមានចំនួន ២១៥ពាន់លានបាត (៦ពាន់លានដុល្លារ) គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕