(ហាណូយ)៖ យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិរួមរបស់មហាសេដ្ឋីកំពូលចំនួនបីនាក់របស់វៀតណាមបានកើនឡើងជិត ១ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែតវៀតណាម VN Express។

កាសែតវៀតណាម VN Express បានរាយការណ៍ថា បញ្ជីរាយឈ្មោះមហាសេដ្ឋីគិតត្រឹមដំណាច់ឆ្នាំ២០២៣ របស់ទស្សនាវដ្តី Forbes មានឈ្មោះមហាសេដ្ឋីវៀណាមចំនួន ៥នាក់គឺលោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup លោក Tran Dinh Long ប្រធានក្រុមហ៊ុនផលិតដែក Hoa Phat អ្នកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet លោក Tran Ba Duong ប្រធានក្រុមហ៊ុនទីផ្សាររថយន្ត Thaco និងលោក Ho Hung Anh ប្រធានក្រុមហ៊ុន Techcombank។

ការស្ទុះងើបឡើងវិញនៃទីផ្សារភាគហ៊ុននៅឆមាសទីពីរនៃឆ្នាំ២០២៣ បានធ្វើឱ្យមហាសេដ្ឋីកំពូលទាំងបីរបស់វៀតណាមបានកើនឡើងទ្រព្យសម្បត្តិបន្ថែមបន្ទាប់ពីបានទទួលរងការធ្លាក់ចុះទ្រព្យសកម្មក្នុងឆ្នាំ២០២២។

ទ្រព្យរបស់លោក Long បានកើនឡើងជាង ៥០០លានដុល្លារ ខណៈដែលទ្រព្យរបស់លោក Vuong និងអ្នកស្រី Thao កើនឡើង ២០០លានដុល្លារដូចគ្នា។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន HPG ស្ថិតក្រោមក្រុមហ៊ុនសម្ព័ន្ធ Hoa Phat បានកើនឡើងជាង ៣៤% ក្នុងឆ្នាំ២០២៣ ដល់ ២៨ ០០០ដុងក្នុងមួយហ៊ុននៅថ្ងៃទី៧ ខែកុម្ភៈ ដែលជាការជួញដូរចុងក្រោយនៃឆ្នាំតាមចន្ទគតិ។

ចំណែកឯលោក Duong និងលោក Anh ម្នាក់ៗបានខាតបង់តម្លៃទីផ្សារភាគហ៊ុនចំនួន ១០០លានដុល្លារ។ នេះបើយោងតាមកាសែត VN Express៕