(ប៉ារីស)៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា ទីផ្សារប្រេងពិភពលោកគួរនៅតែមានស្ថិរភាពនៅឆ្នាំនេះ ដោយសារការផ្គត់ផ្គង់ថ្មីឆ្លើយតបទៅនឹងតម្រូវការ និងរក្សាតម្លៃឱ្យមានលំនឹង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិលោក Fatih Birol បានថ្លែងថា ការប្រើប្រាស់ថាមពលក្នុងពិភពលោកនឹងកើនឡើងចំនួន ១,២លានទៅ ១,៣លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងឆ្នាំ២០២៤ ដែលជាកំណើនទាបជាងខ្លាំងធៀបនឹងឆ្នាំមុន ដោយសារកំណើនសេដ្ឋកិច្ចថមថយនៅក្នុងប្រទេសចិន និងប្រទេសផ្សេងទៀត។ កំណើនប្រើប្រាស់នេះនឹងត្រូវបានឆ្លើយតបយ៉ាងងាយស្រួលជាមួយនឹងការកើនឡើងផលិតកម្មប្រេងពីអាមេរិក ដែលភាគច្រើនលើសលុបគឺពីសហរដ្ឋអាមេរិក កាណាដា ប្រេស៊ីល និងហ្គីយ៉ាណា។

លោក Birol បានប្រាប់ទូរទស្សន៍ Bloomberg ពីទីក្រុងប៉ារីសកាលពីថ្ងៃអង្គារថា៖ «កំណើននេះលើសពីគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការប្រេងពិភពលោក»

លោកបានបន្ថែមថា៖ «ដូច្នេះ ក្នុងករណីដែលគ្មានភាពចលាចលភូមិសាស្ត្រនយោបាយ ឬព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ យើងនឹងរំពឹងថា ទីផ្សារប្រេងមានស្ថិរភាព និងការវិវត្តតម្លៃប្រេងមានកម្រិតមធ្យមក្នុងរយៈពេលពេញមួយឆ្នាំ២០២៤»

ទីភ្នាក់ងារ IEA នឹងចេញផ្សាយការវាយតម្លៃប្រចាំខែចុងក្រោយរបស់ខ្លួនអំពីទីផ្សារប្រេងពិភពលោកនៅឆ្នាំនេះនៅថ្ងៃទី១៥ ខែកុម្ភៈនេះ។

តម្លៃប្រេងឆៅបានឡើងជិតដល់ ៨០ដុល្លារក្នុងមួយបារ៉ែលនៅទីក្រុងឡុងដ៍ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈពេលដែលការផ្គត់ផ្គង់ដែលមានភាពធូរស្រាលមកវិញនោះបានទប់ស្កាត់ការភ័យខ្លាចជុំវិញជម្លោះនៅមជ្ឈិមបូព៌ា និងការកាត់បន្ថយផលិតកម្មដោយអង្គការប្រទេសនាំចេញប្រេង និងប្រទេសសម្ព័ន្ធមិត្តដែលហៅថា OPEC+។

លោក Birol បានថ្លែងថា៖ «អតិផរណាគឺជាហានិភ័យដ៏ធំចំពោះសេដ្ឋកិច្ចពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំង។ យើងទាំងអស់គ្នាត្រូវជៀសវាងសកម្មភាពណាមួយដែលនឹងជំរុញឱ្យមានអតិផរណា រួមទាំងជំរុញតម្លៃថាមពលខ្ពស់ផងដែរ»