(ហ្សឺណែវ)៖ អង្គការអន្តរជាតិខាងការងារ (ILO) បានឱ្យដឹងកាលពីថ្ងៃពុធថា អត្រាគ្មានការងារធ្វើពិភពលោកនឹងកើនឡើងបន្តិចនៅឆ្នាំ២០២៤ ខណៈដែលអង្គការនេះក្តីបារម្ភកាន់តែខ្លាំងអំពីផលិតភាពដែលនៅទ្រឹង វិសមភាពកាន់តែអាក្រក់ និងការប៉ះពាល់ដល់ប្រាក់ចំណូលដោយសារអតិផរណា។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP ទីភ្នាក់ងារការងាររបស់អង្គការសហប្រជាជាតិមួយនេះបានឱ្យដឹងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពីជំងឺរាតត្បាតកូវីដ-១៩ បាថមថយក្នុងគ្រាដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងអតិផរណារ៉ាំរ៉ៃដែលបង្កឱ្យធនាគារកណ្តាលរបស់ប្រទេសផ្សេងៗចាត់វិធានការយ៉ាងតក់ក្រហល់។

អង្គការ ILO បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ មានអត្រាខ្ពស់ជាងការរំពឹងទុកបន្តិច ហើយទីផ្សារការងារបានបង្ហាញពីភាពធន់គួរឱ្យភ្ញាក់ផ្អើល។ ទោះជាយ៉ាងណា អង្គការ ILO បានបន្ថែមថា ប្រាក់ឈ្នួលពិតបានធ្លាក់ចុះនៅក្នុងប្រទេសភាគច្រើនដែលជាសមាជិករបស់ក្រុមប្រទេស G20 ដោយសារការដំឡើងប្រាក់ឈ្នួលទាបជាងអត្រាកំណើនអតិផរណា។

អត្រាគ្មានការងារធ្វើសកលឆ្នាំ២០២២ មានចំនួន ៥,៣ភាគរយ និងបានធ្លាក់ចុះតិចតួចនៅឆ្នាំ២០២៣ មកនៅត្រឹម ៥,១ភាគរយ។ នៅឆ្នាំ២០២៤ មនុស្សចំនួន ២លាននាក់ថែមទៀតត្រូវបានរំពឹងថានឹងស្វែងរកការងារធ្វើ ដែលបង្កើនអត្រាគ្មានការងារធ្វើនៅទូទាំងពិភពលោកដល់ ៥,២ភាគរយវិញ។

អង្គការ ILO បានឱ្យដឹងទៀតថា ប្រាក់ចំណូលសុទ្ធបានធ្លាក់ចុះនៅក្នុងបណ្តាប្រទេស G20 ភាគច្រើន ហើយជាទូទៅការថយចុះកម្រិតជីវភាពដែលបណ្តាលមកពីអតិផរណាគឺ «ទំនងជាមិនវិលត្រលប់មកវិញយ៉ាងឆាប់រហ័ស» នោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕