(តូក្យូ)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនគ្រោងនឹងដាក់បង្ហាញស៊េរីរថយន្តអគ្គិសនីថ្មីចាប់ពីឆ្នាំ២០២៦ តទៅ ខណៈដែលកំពុងដេញតាមគូប្រជែងលំដាប់ពិភពលោកផ្សេងទៀតក្នុងការផ្លាស់ប្តូរទៅជារថយន្តអគ្គិសនី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុនផលិតរថយន្តធំទីពីររបស់ប្រទេសជប៉ុនមានភាពយឺតយ៉ាវក្នុងការបង្កើនការលក់រថយន្តអគ្គិសនីបើធៀបនឹងដៃគូប្រកួតប្រជែងនៅអឺរ៉ុប និងសហរដ្ឋអាមេរិកដូចជាក្រុមហ៊ុន General Motors និងក្រុម៊ុន Volkswagen ជាដើម ខណៈដែលកំពុងប្រឈមមុខនឹងការប្រកួតប្រជែងពីគូប្រជែងថ្មីៗផ្សេងទៀតដូចជាក្រុមហ៊ុន BYD របស់ប្រទេសចិន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន Honda បានដាក់បង្ហាញរថយន្ត «Honda 0 Series» របស់ខ្លួន និងរថយន្តគំរូពីរម៉ូដែលនៅឯពិព័រណ៍ពាណិជ្ជកម្ម CES ក្នុងទីក្រុង Las Vegas ដែលក្រុមហ៊ុនសង្ឃឹមថានឹងអាចជួយឱ្យខ្លួនសម្រេចបានគោលដៅក្នុងការក្លាយជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីប្រើថាមពលអាគុយ និងរថយន្តអគ្គិសនីប្រើថាមពលអ៊ីដ្រូសែនទាំងស្រុងនៅឆ្នាំ២០២៤។

ក្រុមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honda បានប្រាប់សន្និសីទសារព័ត៌មានកាលពីខែធ្នូនៅទីក្រុងតូក្យូថា ក្រុមហ៊ុនរថយន្តមានបំណងដាក់បង្ហាញម៉ូដែលដំបូងនៃរថយន្តស៊េរីថ្មីរបស់ខ្លួននៅឆ្នាំ២០២៦។ រថយន្តស៊េរីនេះនឹងត្រូវបានដាក់លក់នៅទូទាំងពិភពលោក ដោយចាប់ផ្តើមពីទីផ្សារអាមេរិកខាងជើង។

ក្រុមនាយកប្រតិបត្តិទាំងនេះមិនបានប្រាប់លម្អិតអំពីរថយន្តស៊េរីថ្មីនេះ ដូចជាព័ត៌មានអំពីតម្លៃ ឬចំនួនម៉ូដែលដែលក្រុមហ៊ុននឹងដាក់លក់ជាផ្នែកមួយនៃផែនការន និងចំនួនរថយន្តដែលក្រុមហ៊ុនចង់លក់នោះទេ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Honda យានយន្តអគ្គិសនីដែលប្រើថាមពលអាយុមានចំនួន ១១ ០០០គ្រឿង ពោលគឺស្មើនតិចជាង ០,៥ភាគរយនៃការលក់នៅទូទាំងពិភពលោករបស់ក្រុមហ៊ុនដែលមានចំនួនប្រហែល ២,៨លានគ្រឿងក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៣៕