(ចូហូ)៖ ប្រជាពលរដ្ឋដែលធ្វើដំណើររវាងប្រទេសសិង្ហបុរីនិងរដ្ឋចូហូរបស់ប្រទេសម៉ាឡេស៊ី ក្នុងពេលឆាប់ៗនេះអាចរីករាយនឹងការចេញចូលដោយគ្មានលិខិតឆ្លងដែនរវាងព្រំដែនរបស់ភាគីទាំងពីរ និងដំណើរការឌីជីថលសម្រាប់ការធ្វើដំណើរនៅច្រកត្រួតពិនិត្យព្រំដែនដីគោក។ នេះបើយោងតាមកាសែង Channel News Asia។

កិច្ចការទាំងនេះស្ថិតក្នុងចំណោម «គំនិតផ្តួចផ្តើមដំបូងនានា» ដែលកំពុងត្រូវបានពិភាក្សាដែលនឹងឈានទៅរកការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចូហូនិងសិង្ហបុរីថ្មីមួយក្នុងគោលបំណងជំរុញការតភ្ជាប់សេដ្ឋកិច្ចឆ្លងព្រំដែនរវាងសិង្ហបុរី និងម៉ាឡេស៊ី។

កាសែង Channel News Asia បានរាយការណ៍ថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) មួយត្រូវបានចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះរវាងប្រទេសទាំងពីរ ដើម្បីបង្កើតក្របខ័ណ្ឌមួយសម្រាប់កិច្ចព្រមព្រៀងដែលចងភ្ជាប់កាតព្វកិច្ចសច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស។

អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានចុះហត្ថលេខានៅទីក្រុងចូហូបារុ (Johor Bahru) ក្នុងរដ្ឋចូហូរដោយរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Gan Kim Yong និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ី Mohd Rafizi Ramli។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong និងសមភាគីម៉ាឡេស៊ីលោក Anwar Ibrahim បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី (MTI) និងក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ី បានឱ្យដឹងថា ស្ថិតក្រោម MOU នេះ ប្រទេសទាំងពីរនឹងរុករកគំនិតផ្តួចផ្តើមមួយចំនួនដែលនឹងឈានទៅរកការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ រួមទាំងការដំណើរការឆ្លងដែនឱ្យបានកាន់តែលឿននៅប៉ុស្តិ៍ត្រួតពិនិត្យដីគោក និងការសម្របសម្រួលកិច្ចសហប្រតិបត្តិការថាមពលកកើតឡើងវិញរវាងម៉ាឡេស៊ី និងសិង្ហបុរី។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រសួងទាំងពីរបានបន្ថែមថា MOU ដែលធ្វើឡើងពីរខែបន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំសិង្ហបុរី-ម៉ាឡេស៊ីលើកទី១០ កាលពីខែតុលាកន្លងទៅ «បញ្ជាក់ជាថ្មីអំពីទំនាក់ទំនងដ៏យូរអង្វែង និងការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច»។

ភាគីទាំងពីរក៏បានព្រមព្រៀងធ្វើការងារឆ្ពោះទៅរកកិច្ចព្រមព្រៀងពេញលេញមួយស្តីពីតំបន់សេដ្ឋកិច្ចពិសេសចូហូនិងសិង្ហបុរី និងផ្តល់ព័ត៌មានបច្ចុប្បន្នភាពនៅឯកិច្ចប្រជុំមេដឹកនាំរបស់ម៉ាឡេស៊ី-សិង្ហបុរីលើកទី១១ ដែលនឹងត្រូវធ្វើឡើងនៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំនេះ។ នេះបើយោងតាមកាសែត Channel News Asia៕