(វ៉ាស៊ីនតោន)៖ ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានរួមតូចដោយឥតរំពឹងទុកនៅក្នុងខែវិច្ឆិកា ដែលជំរុញដោយការកើនឡើងការនាំចេញសេវាកម្ម និងការធ្លាក់ចុះបន្តិចបន្តួចនៃការនាំចូលទំនិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃអង្គារថា ឱនភាពក្នុងពាណិជ្ជកម្មទំនិញនិងសេវាកម្មបានធ្លាក់ចុះ ២% ពីខែតុលាមកនៅត្រឹម ៦៣,២ពាន់លានដុល្លារ។ ការប៉ាន់ប្រមាណជាមធ្យមនៅក្នុងការស្ទង់មតិរបស់ Bloomberg ទៅលើសេដ្ឋវិទូបង្ហាញថា ឱនភាពមានចំនួន ៦៤,៩ ពាន់លានដុល្លារ។

តម្លៃនៃការនាំចូល និងនាំចេញបានធ្លាក់ចុះ ១,៩% ដូចគ្នា។ តួលេខទាំងេនះមិនទាន់កែតម្រូវតាមអតិផរណានៅឡើយទេ។

ទោះបីជាមានការធ្លាក់ចុះឱនភាពនៅខែវិច្ឆិកាក៏ដោយ ក៏ការនាំចូលទំនិញនៅតែកើនឡើងក្នុងគ្រាដែលការចំណាយរបស់អ្នកប្រើប្រាស់មានភាពធន់។ ការនាំចេញសេវាកម្មរបស់សហរដ្ឋអាមេរិកបានកើនឡើងក្នុងរយៈពេលបួនខែរហូតដល់ចំនួនខ្ពស់បំផុតមិនធ្លាប់មាន ៨៥,៧ ពាន់លានដុល្លារ។

បន្ទាប់ពីកែតម្រូវតាមអតិផរណា ឱនភាពពាណិជ្ជកម្មទំនិញបានធ្លាក់ចុះដល់ ៨៤,៨ពាន់លានដុល្លារក្នុងខែវិច្ឆិកា ដែលជាបរិមាណតូចបំផុតក្នុងរយៈពេលបីខែ។ មុនពេលរបាយការណ៍បច្ចុប្បន្នចេញផ្សាយ ការព្យាករ GDPNow របស់ធនាគារកណ្តាលអាមេរិកប្រចាំរដ្ឋអាត្លង់តាបានបង្ហាញថា ពាណិជ្ជកម្មបានទាញទម្លាក់កំណើនសេដ្ឋកិច្ចប្រចាំត្រីមាសទី៤ ចំនួន ០,២៣ពិន្ទុភាគរយ។

ការធ្លាក់ចុះការនាំចូលទំនិញបានឆ្លុះបញ្ចាំងពីការថយចុះការផ្គត់ផ្គង់ឧស្សាហកម្ម ទំនិញប្រើប្រាស់ និងឧបករណ៍ដើមទុន។ ការនាំចេញរបស់សហរដ្ឋអាមេរិកត្រូវបានរារាំងដោយការថយចុះការនាំចេញយានយន្ត ការផ្គត់ផ្គង់ឧស្សាហកម្ម និងទំនិញប្រើប្រាស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕