(ញូវយ៉ក)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងថា សេដ្ឋកិច្ចពិភពលោកកំពុងកើនឡើងក្នុងអត្រាកាន់តែទាបរយៈពេលជាងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយសារការស្ទុះងើបសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតត្រូវបានដាក់បន្ទុកដោយអត្រាការប្រាក់ខ្ពស់ ការធ្លាក់ចុះពាណិជ្ជកម្ម និងភាពតានតឹងភូមិសាស្ត្រនយោបាយដែលនឹងប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំងបំផុត។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយរបស់ធនាគារពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ក្នុងរយៈពេល ៥ឆ្នាំរហូតដល់ឆ្នាំ២០២៤ សកម្មភាពសេដ្ឋកិច្ចពិភពលោក នឹងមានលទ្ធផលទាបបំផុតគិតចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក ដែលជា «ស្ថានភាពដ៏អាក្រក់» ដែលនឹងធ្វើឱ្យប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍចំនួន៤ ក្រីក្រជាងមុនពេលមានជំងឺរាតត្បាតកូវីដ-១៩។

លោក Indermit Gill ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «ប្រសិនបើគ្មានការកែប្រែទេ ទសវត្សរ៍ឆ្នាំ២០២០ នឹងក្លាយជាទសវត្សរ៍ដែលខ្ជះខ្ជាយឱកាស»។ លោកបានបន្ថែមថា កំណើនរយៈពេលខ្លីដ៏ទន់ខ្សោយបែបនេះនឹងធ្វើឱ្យប្រទេសក្រីក្របំផុតជាច្រើន «ដែលធ្វើឱ្យកម្រិតបំណុលមានស្ថានភាពធ្ងន់ធ្ងរ និងរារាំងដល់លទ្ធភាពទទួលបានអាហាររបស់មនុស្សជិតម្នាក់ក្នុងចំណោមមនុស្សបីនាក់»

កំណើននៃការវិនិយោគក្នុងមនុស្សម្នាក់ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងរយៈពេលពីឆ្នាំ២០២៣-២០២៤ នឹងមានជាមធ្យម ៣,៧% ដែលស្មើនឹងប្រហែលពាក់កណ្តាលនៃកម្រិតមធ្យមក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ ដោយគ្មានគោលនយោបាយដែលត្រូវបានបង្កើតឡើងដើម្បីជំរុញការវិនិយោគ និងពង្រឹងគោលនយោបាយសារពើពន្ធឡើយ។

ធនាគារពិភពលោកមើលឃើញថា កំណើនសេដ្ឋកិច្ចពិភពលោកមានការថយចុះនៅឆ្នាំ២០២៤ ដែលជាការថយចុះរយៈពេល ៣ឆ្នាំជាប់ៗគ្នា មកនៅត្រឹម ២,៤% ពោលគឺធ្លាក់ចុះពី ២,៦% នៅឆ្នាំ២០២៣ មុនពេលកើនឡើងវិញដល់ ២,៧% ក្នុងឆ្នាំ២០២៥។ អត្រាកំណើនទាំងនោះធៀបនឹងអត្រាមធ្យម ៣,១% ក្នុងអំឡុងទសវត្សរ៍ឆ្នាំ២០១០។

យោងតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចសកលសម្រាប់ពីឆ្នាំ២០២០-២០២៤ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ២,២% ដែលជាកំណើនទាបបំផុតក្នុងរយៈពេល ៥ឆ្នាំគិតចាប់តាំងពីពេលមានកំណើនទាបបំផុត ២,១% ក្នុងរយៈពេលពីឆ្នាំ១៩៩០-១៩៩៤។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕