(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចរបស់ធនាគារពិភពលោក (World Bank) ផ្តល់អនុសាសន៍គន្លឹះ ៣ចំណុច ដែលកម្ពុជាគួរយកចិត្តទុកដាក់ ដើម្បីឱ្យកម្ពុជាឈាន​ទៅ​​សម្រេច​ចក្ខុ​វិស័យ ​ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

យោងតាមព្រឹត្តិបត្តិរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ ​អ្នកជំនាញសេដ្ឋកិច្ចរបស់ធនាគារពិភពលោក បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលមុនពេលមានការផ្ទុះជំងឺកូវីដ-១៩ ​កម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ច ក្នុងអត្រាជាមធ្យម ៧ ភាគរយក្នុងមួយឆ្នាំ និងបំណុលសាធារណៈឱ្យនៅខាងក្រោម ៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ កំណើនដ៏ឆាប់រហ័សនេះ បាននាំមកនូវផលចំណេញលឿនដូចគ្នាដែរ នៅក្នុងការកាត់បន្ថយភាពក្រីក្រ ដែលធ្លាក់ចុះមកនៅអត្រាត្រឹម ១៨ភាគរយ ក្នុងឆ្នាំ២០២០ ពី២៦ភាគរយកាលពីប្រាំមួយឆ្នាំមុន។ មានន័យថា ប្រជាជនកម្ពុជាចំនួន ១,២លាននាក់ថែមទៀត ត្រូវបានជួយឱ្យចាកផុតពីជីវភាពរស់នៅក្នុងកម្រិត ២,៧ដុល្លារ ឬតិចជាងនេះក្នុងមួយថ្ងៃ។ តែយ៉ាងណា បញ្ហាសាកលដែលកើតមាននានា បានទាញទម្លាក់សេដ្ឋកិច្ចកម្ពុជាផងដែរ។

ដូច្នេះហើយ កម្ពុជាត្រូវខិត​ខំបន្ត​​រក្សាអត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ដើម្បីឈាន​ទៅ​សម្រេច​ចក្ខុ​វិស័យក្លាយ ​ជា​ប្រទេស​មានប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​​ឆ្នាំ​២០៣០ និង​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​បន្ថែមទៀត។ ដើម្បីជំរុញឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យនេះ អ្នកជំនាញធនាគារពិភពលោកបានផ្តល់នូវគន្លឹះសំខាន់ៗរួមមាន៖

ទី១៖ ការកែលម្អបន្ថែមទៀតលើបរិយាកាសធុរកិច្ច មានសារៈសំខាន់ណាស់សម្រាប់ជំរុញផលិតភាព និងការប្រកួតប្រជែងរបស់ក្រុមហ៊ុននៅកម្ពុជា។ ចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្មនៅកម្ពុជា នៅតែមានកម្រិតខ្ពស់ ដែលជាឧបសគ្គដល់សមត្ថភាពប្រកួតប្រជែងជាអន្តរជាតិ និងរារាំងដល់នវានុវត្តន៍ និងការងាកទៅរកសកម្មភាពសេដ្ឋកិច្ច មានតម្លៃខ្ពស់ជាងបច្ចុប្បន្ន។ ដើម្បីជួយដល់ការវិនិយោគរបស់វិស័យឯកជន កម្ពុជាចាំបាច់ត្រូវពង្រឹងភាពព្យាករណ៍ បានរបស់បរិស្ថានបទប្បញ្ញត្តិ និងពង្រីកលទ្ធភាពរកបានធនធានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។

លើសពីនេះ កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួលលក្ខខណ្ឌតម្រូវស្មុគស្មាញ និងតឹងរ៉ឹងសម្រាប់ការបើកធុរកិច្ច អមជាមួយនឹងការធ្វើឱ្យប្រសើរឡើង ដល់ដំណើរការនៃក្របខណ្ឌក្ស័យធនផង វានឹងជួយកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន នៅពេលបើករកស៊ី និងពេលបិទទៅវិញ។ ការសម្រួលនីតិវិធីឱ្យសាមញ្ញ និងការធ្វើឌីជីថលកម្មនៃសេវាធុរកិច្ច ជាពិសេសការចេញអាជ្ញាបណ្ណ និងការអនុញ្ញាតសម្រាប់អាជីវកម្ម នឹងជួយកាត់បន្ថយការចំណាយនានាដែលពាក់ព័ន្ធថ្លៃដើម។

ការប្រកួតប្រជែងកាន់តែច្រើននឹងជំរុញការកាត់បន្ថយការចំណាយ និងលើកកម្ពស់នវានុវត្តន៍ និងកំណើនផលិតភាព ដោយបង្វែរទិសនៃចំណែកទីផ្សារធុរកិច្ច ឆ្ពោះទៅរកផលិតករដែលមានប្រសិទ្ធភាពខ្ពស់ជាង ហើយក៏ជួយលើកទឹកចិត្ត ក្រុមហ៊ុនឱ្យកាន់តែមានផលិតភាពឡើងដែរ។ ដើម្បីជួយដល់វិស័យទេសចរណ៍ ការកាត់បន្ថយថ្លៃដើម និងថ្លៃសេវានានា (ដូចជា ទិដ្ឋាការ ការស្នាក់នៅ អាហារ ថ្លៃដឹកជញ្ជូន និងថ្លៃសំបុត្រចូល) រួមទាំងការលុបបំបាត់ថ្លៃសេវាក្រៅផ្លូវការផង នឹងជួយទាក់ទាញភ្ញៀវអន្តរជាតិឱ្យមកកម្ពុជាកាន់តែច្រើនឡើង។

ទី២៖ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងឡូហ្ស៊ីស្ទិករបស់កម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងអន្តរជាតិ។ កម្ពុជានៅតែមានការខ្វះច្រើន នូវហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ អាស្រ័យហេតុនេះ សេវាហេដ្ឋារចនាសម្ព័ន្ធនៅតែមិនគ្រប់គ្រាន់ ហើយត្រូវប្រឹងយ៉ាងត្រដាបត្រដួស ដើម្បីបំពេញសេចក្តីត្រូវការដែលកំពុងកើនឡើងយ៉ាងលឿន។

វិស័យថាមពលត្រូវការការវិនិយោគខ្នាតធំថែមទៀត ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពីរ ក្នុងពេលតែមួយគឺ៖ ការឆ្លើយតបទៅនឹងការកើនឡើង នៃតម្រូវការអគ្គិសនី (តាមការព្យាករ តម្រូវការអគ្គិសនីនឹងកើនឡើង ៤ដង ពី ១២ ៤០០ហ្គីហ្កាវ៉ាត់ម៉ោង (GWh) នៅឆ្នាំ ២០២០ ទៅដល់ ៥៤ ៦០០ហ្គីហ្កាវ៉ាត់ម៉ោង នៅឆ្នាំ២០៤០) និងការបំពេញតាមការសន្យារបស់ប្រទេស ក្នុងក្របខណ្ឌនៃការប្រែប្រួលអាកាសធាតុ។ ការវិនិយោគក៏ត្រូវការចាំបាច់ផងដែរ ដើម្បីកែលម្អឱ្យប្រសើរឡើងនូវសេវាជាមូលដ្ឋានក្នុងទីក្រុង មានដូចជា ប្រព័ន្ធទុយោទឹកស្អាត, អនាម័យ, ការគ្រប់គ្រងសំណល់រឹង, ទូរគមនាគមន៍ និងការដឹកជញ្ជូន និងការពង្រឹងផែនការរៀបចំក្រុង។

ជាងនេះទៅទៀត កង្វះបណ្តាញការតភ្ជាប់ក្នុងតំបន់ ក៏ជះឥទ្ធិពលមិនល្អទៅលើប្រសិទ្ធភាព និងថ្លៃដើមនៃការធ្វើពាណិជ្ជកម្មឆ្លងដែនដែរ ហើយនេះជាបញ្ហាដែលចាំបាច់ត្រូវតែដោះស្រាយ។ ការវិនិយោគគឺចាំបាច់ដើម្បីដោះស្រាយគម្លាត ផ្នែកហេដ្ឋារចនាសម្ព័ន្ធជាក់លាក់ សម្រាប់ភ្ជាប់ការដឹកជញ្ជូនក្នុងស្រុក និងក្នុងតំបន់។ ការវិនិយោគទាំងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពពាណិជ្ជកម្ម តាមច្រករបៀងកើត-លិច ឆ្លងកាត់ប្រទេសថៃ កម្ពុជា និងវៀតណាមបន្ថែមពីលើផ្លូវច្រករបៀងតែមួយគត់ ដែលតភ្ជាប់ប្រទេសកម្ពុជា ជាមួយប្រទេសឡាវ។

តាមរយៈនេះ វាក៏នឹងធ្វើឱ្យប្រសើរឡើងផងដែរ នូវការតភ្ជាប់ផ្លូវទឹកផ្ទៃក្នុងប្រទេសជាមួយវៀតណាម និងប្រតិបត្តិការផ្លូវដែក និងបណ្តាញភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ជាមួយប្រទេសថៃ។ ការកែលម្អការសម្របសម្រួលពាណិជ្ជកម្ម និងការអនុវត្តមុខងារផ្នែកឡូហ្ស៊ីស្ទិក ក៏មានសារៈសំខាន់ផងដែរ។ កិច្ចប្រឹងប្រែងគួរត្រូវបានធ្វើបន្ថែមទៀត ដើម្បីកាត់បន្ថយថ្លៃចំណាយលើការដឹកជញ្ជូន និងសេវាឡូហ្ស៊ីស្ទិក តាមរយៈការតាមដានត្រួតពិនិត្យប្រសិទ្ធភាព នៃច្រកទ្វារពាណិជ្ជកម្មសំខាន់ៗ ដូចជាកំពង់ផែ និងច្រកព្រំដែន។

ទី៣៖ ជាកិច្ចការសំខាន់មួយទៀតដែលកម្ពុជា ត្រូវបង្កើនលទ្ធផលនៃការរៀន ដើម្បីឆ្លើយតបទៅនឹងកង្វះជំនាញ, បង្កើតកម្លាំងពលកម្មដែលមានសមត្ថភាពត្រៀម សម្រាប់អនាគត និងជំរុញកំណើនផលិតភាពរបស់ប្រទេស។
កំណើនផលិតភាពពលកម្ម បានធ្លាក់ចុះយ៉ាងគំហុកក្នុងអំឡុងប្រាំឆ្នាំចុងក្រោយនេះ ហើយបណ្តាក្រុមហ៊ុន ក៏បានរាយការណ៍ឱ្យដឹងដែរ អំពីការកើនឡើងនៃកង្វះជំនាញ។ មានកុមារកម្ពុជាមិនច្រើនប៉ុន្មានទេ ដែលបានចុះឈ្មោះទទួលការអប់រំកូនក្មេង ដែលមានន័យថាជាការបាត់បង់ ឱកាសសម្រាប់ការវិវឌ្ឍរបស់កុមារក្នុងវ័យដំបូង ហើយវាក៏ជាឧបសគ្គដល់ការវិលត្រឡប់ របស់ម្តាយទៅធ្វើការដើម្បីរកប្រាក់ចំណូលដែរ។ សាលាកម្រិតបឋមសិក្សា កំពុងជួបប្រទះនូវការធ្លាក់ចុះលទ្ធផលនៃការសិក្សា បើទោះជាលទ្ធភាពចូលរៀន របស់ក្មេងមានភាពប្រសើរជាងមុនក៏ដោយ។ សិស្សមានចំនួនមិនច្រើនទេ ដែលរៀនបានឡើងថ្នាក់ទៅកម្រិតអនុវិទ្យាល័យ ហើយអ្នកដែលបានឡើងទៅនោះច្រើន តែមានមូលដ្ឋានមិនគ្រប់គ្រាន់ ហើយឈប់រៀនក៏ច្រើនដែរ។ កូនសិស្សមកពីគ្រួសារក្រីក្រ រងផលប៉ះពាល់ក្នុងសមាមាត្រមួយខ្លាំងជាងគេ។

យោងតាមសូចនាករមូលធនមនុស្ស របស់ធនាគារពិភពលោក កុមារម្នាក់ដែលកើននៅកម្ពុជាក្នុងថ្ងៃនេះ ត្រូវបានគេរំពឹងថា អាចសម្រេចបានតែពាក់កណ្តាលនៃសក្តានុពលផលិតភាពការងារទេ ក្នុងមួយជីវិតរបស់ខ្លួន ប៉ុន្តែទាល់តែកុមារនោះ ទទួលបានការអប់រំ និងសេវាថែទាំងសុខភាព គ្រប់គ្រាន់ដែរ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ក្នុងចំណោមក្មេងអាយុ ១៥ឆ្នាំ នៅកម្ពុជា មានតែ ៣ភាគរយ ប៉ុណ្ណោះ ដែលគេរំពឹងថាចេះត្រឹមតែកម្រិតគោលទេក្នុងមុខវិជ្ជាគណិតវិទ្យា, ២ភាគរយ ក្នុងការអាន និង ១ភាគរយ ក្នុងវិជ្ជាវិទ្យាសាស្ត្រ។

ត្រង់នេះឆ្លុះបញ្ចាំងអំពីផលជះអវិជ្ជមានទៅលើឱកាសសម្រាប់ក្មេងកម្ពុជា ក្នុងការចូលរួម និងរួមចំណែកដល់វិបុលភាពរបស់ប្រទេសទៅថ្ងៃអនាគត។ ការបង្កើនលទ្ធផលនៃការអប់រំ តម្រូវឱ្យមានអភិក្រមច្រើនមុខព្រួញ។ ការពង្រីកលទ្ធភាពទទួលបានការរៀនសូត្រប្រកបដោយគុណភាពក៏សំខាន់ដែរ។ យ៉ាងណាក៏ដោយ ប្រការលើកទឹកចិត្តនានា ដូចជាការផ្ទេរសាច់ប្រាក់ភ្ជាប់លក្ខខណ្ឌជាដើម អាចជាការចាំបាច់ដែរ ដើម្បីបង្កលទ្ធភាពឱ្យក្មេង ជាពិសេសមកពីគ្រួសារក្រីក្រ នៅបន្តរៀនបានយូរជាងមុន​៕