(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឱ្យដឹងនៅថ្ងៃអាទិត្យថា ប្រទេសចិននឹងដាក់ទណ្ឌកម្មក្រុមហ៊ុនផលិតសម្ភារៈយោធាអាមេរិកចំនួនប្រាំជាការឆ្លើយតបទៅនឹងការលក់អាវុធចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់គឺជាប្រភពនៃភាពតានតឹងជាញឹកញាប់រវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។ ចិនចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែពរបបប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួន តែការអះអាងនេះត្រូវបានរដ្ឋាភិបាលកោះតៃវ៉ាន់ច្រានចោល។

ការដាក់ទណ្ឌកម្មនេះកើតមានឡើងមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកោះតៃវ៉ាន់ និងជ្រើសរើសសមាជិកសភានៅថ្ងៃទី១៣ ខែមករា។ ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីខែមុនបានអនុម័តការលក់ឧបករណ៍យោធាតម្លៃ ៣០០លានដុល្លារដើម្បីជួយរក្សាប្រព័ន្ធព័ត៌មានយុទ្ធសាស្ត្ររបស់តៃវ៉ាន់។

អ្នកនាំពាក្យក្រសួងការបរទេសចិនត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការលក់សព្វាវុធនាពេលថ្មីៗនេះ «ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់យ៉ាងធ្ងន់ធ្ងរ»

ក្រុមហ៊ុនដែលនឹងត្រូវដាក់ទណ្ឌកម្មរួមមាន ក្រុមហ៊ុន BAE Systems Land and Armaments ក្រុមហ៊ុន Alliant Techsystems Operations ក្រុមហ៊ុន AeroVironment ក្រុមហ៊ុន Viasat និងក្រុមហ៊ុន Data Link Solutions ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រទេសចិននឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងនេះ និងហាមប្រាមមនុស្ស ឬអង្គភាពនានាក្នុងប្រទេសចិនមិនឱ្យចូលរួមពាក់ព័ន្ធជាមួយក្រុមហ៊ុនទាំងនេះ៕