(វ៉ាស៊ីនតោន)៖ និយតករសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍បានផ្អាកជាបណ្ដោះអាសន្នមិនឱ្យយន្តហោះ Boeing 737 MAX 9 ចំនួន ១៧១គ្រឿងហោះហើរ ដើម្បីត្រួតពិនិត្យសុវត្ថិភាព បន្ទាប់ពីមានករណីរបើកបំណែកនៅលើតួយន្តហោះ ដែលបង្ខំឱ្យយន្តហោះថ្មីដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ អាឡាស្កា (Alaska Airlines) ចុះចតជាបន្ទាន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

បំណែកនៃតួយន្តហោះ បានដាច់បាត់នៅផ្នែកខាងឆ្វេងនៃយន្តហោះ ខណៈដែលបានហោះឡើងបន្ទាប់ពីបានហោះចេញពីព្រលានយន្តហោះនៅទីក្រុងផតលែន (Portland) រដ្ឋអូរីហ្គិន (Oregon) ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុងអុនតារីយ៉ូ (Ontario) រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃសុក្រ។ ករណីនេះបានបបង្ខំឱ្យអាកាសយានិកបញ្ជាយន្តហោះវិលត្រឡប់ទៅព្រលានវិញ និងចុះចតដោយសុវត្ថិភាពជាមួយនឹងអ្នកដំណើរទាំងអស់ ១៧១នាក់ និងក្រុមការងារហោះហើរ ៦នាក់នៅលើយន្តហោះ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) សហរដ្ឋអាមេរិកមិនបានច្រានចោលវិធានការដែលនឹងត្រូវធ្វើឡើងបន្ថែមទៀតណាមួយនោះទេ ខណៈដែលការស៊ើបអង្កេតបានចាប់ផ្តើមធ្វើឡើងទៅលើបញ្ហារបើកបំណែកនៅលើតួយន្តហោះនេះ ដែលបានបណ្តាលឱ្យមានប្រហោងរាងចតុកោណមួយនៅក្នុងតំបន់នៃតួយន្តហោះដែលនៅក្នុងការផលិតយន្តហោះ ចំណុចនេះត្រូវបានបម្រុងទុកសម្រាប់បំពាក់ទ្វារបន្ថែម ប៉ុន្តែកន្លែងសម្រាប់បំពាក់ទ្វារបន្ថែមនេះត្រូវបានបិទចោលសម្រាប់យន្តហោះដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ អាឡាស្កា។

រដ្ឋបាល FAA បានឱ្យដឹងថា យន្តហោះ Boeing 737 MAX 9 ដែលបំពាក់ជាមួយទ្វារបន្ថែមពិសេសនេះមិនអាចហោះហើរបានទេលុះត្រាតែមានការត្រួតពិនិត្យរួច និងជួសជុលប្រសិនបើចាំបាច់។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក Mike Whitaker ប្រធានរដ្ឋបាល FAA បាននិយាយថា៖ «រដ្ឋបាល FAA កំពុងទាមទារឱ្យមានការត្រួតពិនិត្យជាបន្ទាន់ទៅលើយន្តហោះ Boeing 737 MAX 9 មួយចំនួនមុនពេលយន្តហោទាំងនោះអាចវិលត្រឡប់ទៅហោះហើរវិញ»

រដ្ឋបាល FAA មិនបានបញ្ជាក់ច្បាស់ទេថាតើអ្វីគឺជាលក្ខខណ្ឌតម្រូវត្រួតពិនិត្យជាក់លាស់ដែលនឹងត្រូវធ្វើឡើង ខណៈដែលក្រុមហ៊ុនផលិតយន្តហោះ Boeing បានឱ្យដឹងថា ខ្លួនគាំទ្រការសម្រេចចិត្តរបស់រដ្ឋបាល FAA។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពដឹងពីបញ្ហានេះថា និយតករបរទេសមួយចំនួន រួមទាំងប្រទេសចិនផងដែរ បានស្វែងរកព័ត៌មានលម្អិតអំពីឧបទ្ទវហេតុនេះ។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍មុននេះថា ប្រទេសចិនដែលជាប្រទេសដំបូងគេដែលបានផ្អាកជើងហោះហើរ MAX ក្នុងឆ្នាំ២០១៩ កំពុងពិចារណាថាតើត្រូវចាត់វិធានការដែរឬយ៉ាងណា៕