(ភ្នំពេញ)៖ អ្នកជំនួញលើកឡើងថា ការកែសម្រួលគោលការណ៍ និងនីតិវិធីនៃការកំណត់មុខសញ្ញាទំនិញនាំចេញ នាំចូល នឹងកាន់តែផ្តល់ភាពងាយស្រួល ដល់ការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ចំណេញទាំងថវិកា និងពេលវេលា ជាពិសេសនោះ គឺបានចូលរួមចំណែកកាត់បន្ថយថ្លៃដើមនៃទំនិញឱ្យកាន់តែទាប ដែលនឹងងាយស្រួលដល់ការប្រកួតប្រជែងថ្លៃ។

កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាស ស្តីពីការកែសម្រួលគោលការណ៍និងនីតិវិធី នៃការកំណត់មុខសញ្ញាទំនិញនាំចេញ-នាំចូល និងទំនិញឆ្លងកាត់ផ្ទុកក្នុងកុងតឺន័រ ដែលត្រូវឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យដោយម៉ាស៊ីនស្គែន អនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។

តាមសេចក្តីប្រកាសបានបញ្ជាក់ថា ការកំណត់ទំនិញនាំចេញ-នាំចូល និងទំនិញឆ្លងកាត់ផ្ទុកក្នុងកុងតឺន័រឱ្យឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យដោយម៉ាស៊ីនស្កែន ត្រូវផ្អែកលើគោលការណ៍នៃការគ្រប់គ្រងហានិភ័យ ឬតាមការស្នើសុំរបស់ម្ចាស់ទំនិញ។ ទំនិញនាំចេញ-នាំចូលរបស់សមាជិកក្រុមធុរជនល្អបំផុត ឬប្រតិបត្តិករសេដ្ឋកិច្ច បានទទួលការអនុញ្ញាត និងវិនិយោគិនតំបន់សេដ្ឋកិច្ចពិសេស ជាកម្មវត្ថុនៃការលើកលែងការត្រួតពិនិត្យដោយម៉ាស៊ីនស្គែន ប៉ុន្តែអាចតម្រូវឱ្យឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យដោយម៉ាស៊ីនស្កើន តាមគោលការណ៍ជ្រើសរើសដោយចោះៗ ឬតាមព័ត៌មានហានិភ័យ ដែលរដ្ឋបាលគយបានកំណត់។

ជាមួយគ្នានេះ ទំនិញនាំចូលដែលប្រើប្រាស់របបគយឆ្លងកាត់ ទៅបំពេញបែបបទបញ្ចេញទំនិញពីគយ ទៅតាមបណ្តាអង្គភាពគយ និងរដ្ឋាករផែស្ងួតនានា ត្រូវប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យដោយម៉ាស៊ីនស្កែន នៅផែស្ងួត តាមការកំណត់របស់រដ្ឋបាលគយ។
ចំពោះទំនិញនាំចេញផ្ទុកក្នុងកុងតីន័រ ត្រូវអនុវត្ត៖
ក. ទំនិញរបស់វិនិយោគិនកាត់ដេរ និងវាយនភ័ណ្ឌ និងទំនិញរបស់គម្រោងវិនិយោគទទួលបានការលើកទឹកចិត្តផ្សេងទៀត ដែលបានត្រួតពិនិត្យមុនពេលផ្ទុកចូលក្នុងកុងតឺន័ររួច ដោយមន្រ្តីគយ និងរដ្ឋាករមានសមត្ថកិច្ច ត្រូវបានលើកលែងការត្រួតពិនិត្យដោយម៉ាស៊ីនស្កែន លុះត្រាតែមានការស្នើសុំពីម្ចាស់ទំនិញ ឬព័ត៌មានហានិភ័យ ដែលរដ្ឋបាលគយបានកំណត់។

ខ. ទំនិញនាំចេញផ្សេងទៀត ដែលត្រូវត្រួតពិនិត្យដោយម៉ាស៊ីនស្កែន អាចធ្វើការត្រួតពិនិត្យដោយម៉ាស៊ីនស្កែន នៅការិយាល័យគយ និងរដ្ឋាករផែស្ងួត ឬនៅមាត់ច្រកនាំចេញ តាមសំណើរបស់ម្ចាស់ទំនិញ ឬតាមការកំណត់របស់រដ្ឋបាលគយ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh Newsថា ក្នុងនាមតំណាងឱ្យវិស័យឯកជន អបអរសាទរចំពោះការកែសម្រួលគោលការណ៍ និងនីតិវិធីនេះ។ នេះជាការយកចិត្តទុកដាក់មួយរបស់រាជរដ្ឋាភិបាល និងជាការលើកទឹកចិត្ត ដល់ការធ្វើពាណិជ្ជកម្មរបស់វិស័យឯកជន។

លោកបានគូសបញ្ជាក់ថា ការកែសម្រួលគោលការណ៍ និងនីតិវិធីនាំចេញនាំចូលទំនិញនេះ នឹងធ្វើឱ្យថ្លៃដើមនៃទំនិញកាន់តែទាប ងាយស្រួលក្នុងការប្រកួតប្រជែងជាមួយទំនិញប្រទេសដទៃទៀត ក៏ដូចជាធ្វើឱ្យតម្លៃទំនិញនៅលើទីផ្សារមានតម្លៃសមរម្យ។

បើតាមអ្នកឧកញ៉ា លឹម ហេង កន្លងមករាល់ទំនិញ ផ្ទុកក្នុងកុងតីន័រ ឆ្លងកាត់ការស្កែន ត្រូវចំណាយថវិកា ១០ដុល្លារក្នុងការស្កែនម្តង សម្រាប់តុងតឺន័រទំហំ២០ហ្វឺត ចំណែកកុងតឺន័រ ទំហំ៤០ហ្វីត ត្រូវថវិកាស្កែន ១៦ដុល្លារ។

លោកបន្ថែមថា «ការលើកលែងការស្កែននេះ ចំពោះក្រុមហ៊ុន ដែលមិនមានហានិភ័យ ចេញចូលជាទៀងទាត់ និងក្រុមហ៊ុន ដែលមានប្រវត្តិល្អ គឺបានកាត់បន្ថយថ្លៃដើម ដែលជាការល្អមួយសម្រាប់ទាំងអ្នកដឹកជញ្ជូន ទំនិញចេញពីកម្ពុជា និងចូលកម្ពុជាមានតម្លៃកាន់តែសមរម្យ»