(ញូវដែលី)៖ យោងតាមសន្ទស្សន៍មហាសេដ្ឋីពិភពលោករបស់ Bloomberg មហាសេដ្ឋីឥណ្ឌាលោក Gautam Adani បានក្លាយជាមហាសេដ្ឋីលេខ ១ នៅអាស៊ីម្តងទៀតកាលពីថ្ងៃសុក្រ ពោលគឺមួយឆ្នាំបន្ទាប់ពីមានការចោទប្រកាន់មកលើរូបលោកពីបទកេងចំណេញខុសច្បាប់លើទីផ្សារ ដែលធ្វើភាគតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ថ្លៃខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមហ៊ុន Adani Group របស់លោក Adani បានបាត់បង់តម្លៃមូលធនីយកម្មទីផ្សារជាង ១៥០ពាន់លានដុល្លារអាមេរិក បន្ទាប់ពីរបាយការណ៍មួយរបស់ក្រុមហ៊ុនស្រាវជ្រាវវិនិយោគអាមេរិក Hindenburg Research ចោទប្រកាន់ថា ក្រុមហ៊ុនរបស់លោកថាធ្វើសកម្មភាពបោកប្រាស់។

ស្ថាបនិករបស់ក្រុមហ៊ុនសម្ព័ន្ធដែលគ្រប់គ្រងជាលក្ខណៈគ្រួសារនេះបានបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ ប្រហែល ៨០ពាន់លានដុល្លារ បន្ទាប់ពីមានការចោទប្រកាន់នេះ។ ប៉ុន្តែទាំងលោក Adani និងអាជីវកម្មរបស់គាត់ចាប់តាំងពីពេលនោះមកមានភាពប្រសើរឡើងវិញច្រើននៅពេលដែលប្រតិកម្មជាសាធារណៈបានធ្លាក់ចុះ។

សន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg បានបង្ហាញថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Adani បានកើនឡើងប្រហែល ៧,៧ពាន់លានដុល្លារអាមេរិកក្នុងសប្តាហ៍នេះ ដល់ ៩៧,៦ពាន់លានដុល្លារអាមេរិក ដែលខ្ពស់ជាងបន្តិចធៀបនឹងទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌាម្នាក់ទៀតគឺលោក Mukesh Ambani។

បុរសទាំងពីរនាក់នេះ គឺជាអ្នកមានបំផុតលំដាប់ទី១២ និងទី១៣ រៀងគ្នានៅលើពិភពលោកបើយោងតាមសន្ទស្សន៍មហាសេដ្ឋកិច្ចនេះ។

តម្លៃភាគហ៊ុននៅក្នុងក្រុមហ៊ុនរបស់សម្ព័ន្ធក្រុមហ៊ុន Adani Group ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនបានកើនឡើងក្នុងសប្តាហ៍នេះ បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសឥណ្ឌាបានច្រានចោលញត្តិដែលស្វែងរកការពង្រីកការស៊ើបអង្កេតលើការចោទប្រកាន់របស់ក្រុមហ៊ុន Hindenburg ដោយតុលាការបាននិយាយថា ការស៊ើបអង្កេតដែលមានស្រាប់ដោយនិយតករទីផ្សារមានភាពគ្រប់គ្រាន់ហើយ។

លោក Adani បាននិយាយនៅលើបណ្តាញសង្គម X ដែលពីមុនគេស្គាល់ថាជា Twitter បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការថា៖ «ការវិនិច្ឆ័យរបស់តុលាការកំពូលដ៏កិត្តិយសបង្ហាញថា ការពិតនៅតែឈ្នះ»។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំអរគុណចំពោះអ្នកដែលឈរក្បែរយើង។ ការរួមចំណែកជាដ៏រាបរបស់យើងចំពោះភាពរីកចម្រើនរបស់ប្រទេសឥណ្ឌានឹងបន្ត»

ក្រុមហ៊ុន Hindenburg ដែលជាក្រុមហ៊ុនវិនិយោគលក់ភាគហ៊ុនហ្សតសែល (short-sellers) មានតួនាទីមិនត្រឹមតែតាមដានការប្រព្រឹត្តខុសរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរកប្រាក់ចំណូលបានពីការភ្នាល់លើការធ្លាក់តម្លៃភាគហ៊ុនផងដែរ។

នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុនកាលពីឆ្នាំមុន លោក Adani បានបដិសេធការចោទប្រកាន់ថាបានក្លែងបន្លំឯកសារ ដោយហៅការចោទប្រកាន់នោះថាជា «ការប៉ុនប៉ងដោយចេតនា» ដើម្បីធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនរបស់គាត់ដើម្បីផលប្រយោជន៍របស់អ្នកលក់ភាគហ៊ុនហ្សតសែល (short-sellers)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕