(ហាណូយ)៖ ការនាំចេញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប និងអាមេរិកក្នុងឆ្នាំ២០២៣ ត្រូវបានប៉ាន់ប្រមាណថានឹងមានទឹកប្រាក់ប្រមាណ ១៦៦ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៩,៦ ភាគរយ ខណៈការនាំចូលត្រូវបានប៉ាន់ប្រមាណមានចំនួនជិត ៤១ពាន់លានដុល្លារ ថយចុះ ៩,១ភាគរយបើធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមកាសែត Vietnam News។ទោះជាយ៉ាងណា អតិរេកពាណិជ្ជកម្មរបស់ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះនៅតែមានភាពវិជ្ជមានចំនួន ១២៥ពាន់លានដុល្លារនៅឆ្នាំ២០២៣ ដោយអតិរេកចំនួន ៣៣ពាន់លានដុល្លារជាមួយសហភាពអឺរ៉ុប និង ៩២ពាន់លានដុល្លារជាមួយសហរដ្ឋអាមេរិក។

លោក Tạ Hoàng Linh ប្រធាននាយកដ្ឋានទីផ្សារអឺរ៉ុបនិងអាមេរិកនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម (MoIT) បានប្រាប់កាសែត Vietnam News ថា៖ «ជាមួយនឹងសេដ្ឋកិច្ចបើកចំហដ៏ធំ សកម្មភាពនាំចូល-នាំចេញរបស់វៀតណាមបានរងផលប៉ះពាល់ដោយផ្ទាល់ពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកក្នុងឆមាសទីមួយឆ្នាំ២០២៣ និងការស្ទុះងើបឡើងវិញយឺតនិងមិនមានតុល្យភាពនៃសេដ្ឋកិច្ចពិភពលោកនៅក្នុងឆមាសទីពីរឆ្នាំ២០២៣»

ក្នុងរយៈពេល ១០ខែដំបូងក្នុងឆ្នាំ២០២៣ សហភាពអឺរ៉ុបបានកាត់បន្ថយការនាំចូលរបស់ខ្លួនពីទីផ្សារមិនមែនសហភាពអឺរ៉ុបជិត ១៦ភាគរយ ហើយសហរដ្ឋអាមេរិកបានកាត់បន្ថយការនាំចូលរបស់ខ្លួនពីទីផ្សារពិភពលោកចំនួន ៦ភាគរយ។ ថ្វីបើអតិផរណាត្រូវបានទប់ស្កាត់ក៏ដោយ ក៏នៅតែមានអត្រាខ្ពស់ គួបផ្សំនឹងសម្ពាធពីអស្ថិរភាពភូមិសាស្ត្រនយោបាយ និងការផ្លាស់ប្តូរយ៉ាងខ្លាំងនៃឥរិយាបថ និងទម្លាប់របស់អ្នកប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលធ្វើឱ្យមានការលំបាកក្នុងការរក្សាបានការនាំចូលខ្ពស់។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់មូលនិធិ IMF។

ទំនិញនាំចេញសំខាន់ៗ រួមមាន គ្រឿងម៉ាស៊ីន, ឧបករណ៍, គ្រឿងបន្លាស់, ទូរស័ព្ទ កុំព្យូទ័រ និងគ្រឿងបង្គុំនានា, កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបង្គុំ, វាយនភ័ណ្ឌ, ស្បែកជើងស្បែកនិងកាបូបស្បែក, ឈើនិងផលិតផលឈើ, និងអាហារសមុទ្រ សុទ្ធតែបានធ្លាក់ចុះជាមធ្យមជាង ១០ភាគរយ បើធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមកាសែត Vietnam News៕