(ប៉េកាំង)៖ តុលាការក្រុងប៉េកាំងកាលពីថ្ងៃសុក្រ បានទទួលយកពាក្យស្នើសុំប្រកាសក្ស័យធន របស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ Zhongzhi Enterprise Group (ZEG) របស់ប្រទេសចិនដែលបានផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារដល់ក្រុមហ៊ុនអចលនទ្រព្យនានានៅប្រទេសចិន។ នេះបើយោងតាមសារព័ត៌មានអង់គ្លេស BBC។

កាលពីខែវិច្ឆិកាឆ្នាំ២០២៣ មន្ត្រីចិនបានបើកការស៊ើបអង្កេតលើករណីសង្ស័យ «ឧក្រិដ្ឋកម្មខុសច្បាប់» ប្រឆាំងនឹងក្រុមហ៊ុននេះ ដែលការស៊ើបអង្កេតនេះបានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន ZEG បានប្រកាសថា ខ្លួនក្ស័យធន។

មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនដែលកំពុងជួបបញ្ហានេះបានប្រាប់វិនិយោគិនរបស់ខ្លួនតាមរយៈលិខិតមួយនៅក្នុងខែវិច្ឆិកាថា បំណុលរបស់ខ្លួនដែលមានរហូតដល់ ៦៤ពាន់លានដុល្លារ មានបរិមាណច្រើនជាងទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលឥឡូវនេះត្រូវបានប៉ាន់ស្មានថាមានប្រហែល ៣៨ពាន់លានដុល្លារ។

សារព័ត៌មានអង់គ្លេស BBC បានរាយការណ៍កាលពីថ្ងៃសុក្រ តុលាការក្រុងប៉េកាំងបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយនៅលើបណ្តាញទំនាក់ទំនងសង្គម WeChat ដោយនិយាយថា៖ «ទ្រព្យសកម្មរបស់ក្រុមហ៊ុន ZEG មិនគ្រប់គ្រាន់ក្នុងការសងបំណុលទាំងអស់ឡើយ ហើយច្បាស់ណាស់ថា ក្រុមហ៊ុនខ្វះសមត្ថភាពក្នុងការសងបំណុលវិញពេញលេញ»

ក្រុមហ៊ុន ZEG គឺជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុមិនមែនធនាគារដ៏សំខាន់នៅក្នុងឧស្សាហកម្មធនាគារស្រមោលរបស់ប្រទេសចិន ដែលពាក្យ «ធនាគារស្រមោល» សំដៅលើប្រព័ន្ធមួយដែលមានក្រុមហ៊ុនផ្តល់ប្រាក់កម្ចីមិនមែនធនាគារ ក្រុមហ៊ុនឈ្មួញកណ្តាល និងអន្តរការីឥណទានផ្សេងទៀត ដែលស្ថិតនៅក្រៅការគ្រប់គ្រងនៃច្បាប់ធនាគាររ។ ធនាគារស្រមោលដែលមិនស្ថិតនៅក្រោមច្បាប់គ្រប់គ្រងរបស់វិស័យធនាគារ មិនមែនជាកម្មវត្ថុចំពោះវិធានការរឹតបន្តឹងហានិភ័យ សាច់ប្រាក់ងាយស្រួល និងដើមទុនដូចធនាគារបែបប្រពៃណីនោះទេ។

ការផ្តល់ប្រាក់កម្ចីក្រៅផ្លូវការតែងតែមាននៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិន ប៉ុន្តែធនាគារស្រមោលទើបតែចាប់ផ្តើមកើតមានបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០០៨ប៉ុណ្ណោះ នៅពេលដែលមានកង្វះខាតឥណទាន។

ឧស្សាហកម្មធនាគារស្រមោលរបស់ប្រទេសចិនមានតម្លៃប្រហែល ៣ពាន់ពាន់លានដុល្លារ។ ជារឿយៗ ឧស្សាហកម្មនេះផ្តល់ហិរញ្ញវត្ថុដល់វិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលធ្លាប់តែរីកចម្រើន ហើយឥឡូវនេះត្រូវបានវាយប្រហារដោយវិបត្តិឥណទានយ៉ាងធ្ងន់ធ្ងរ ដោយក្រុមហ៊ុនអចលនទ្រព្យធំៗមួយចំនួនឥឡូវនេះកំពុងស្ថិតនៅមាត់ជ្រោះដួលរលំដោយសារកង្វះហិរញ្ញវត្ថុ។

យោងតាមសារព័ត៌មាន BBC នៅពេលស្ថិតក្នុងពេលរីកចម្រើបំផុតរបស់ខ្លួន មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដែលស្ថិតក្រោមក្រុមហ៊ុប ZEG បានគ្រប់គ្រងទ្រព្យដែលមានតម្លៃច្រើនជាងមួយពាន់ពាន់លានយន់ ឬស្មើនឹង ១៣៩ពាន់លានដុល្លារ៕