(សៀងហៃ)៖ ប្រទេសចិនកាលពីថ្ងៃសុក្របានចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃលើស្រាប្រេនឌីដែលនាំចូលពីសហភាពអឺរ៉ុប ពោលគឺជាវិធានការមួយដែលត្រូវបានគេមើលឃើញជាថាផ្តោតជាចម្បងលើប្រទេសបារាំង ហើយទំនងជានឹងបង្កើនភាពតានតឹងជាមួយប្លុកនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការស៊ើបអង្កេតដែលប្រកាសដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិននឹងផ្តោតលើស្រាប្រេនឌីដែលស្តុកនៅក្នុងធុងចំណុះតិចជាង ២០០លីត្រដែលនាំចូលពីសហភាពអឺរ៉ុប។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការបើកការស៊ើបអង្កេតរបស់ក្រសួងពាណិជ្ជកម្មចិននេះបានធ្វើឡើងតាមពាក្យបណ្តឹងរបស់សមាគមភេសជ្ជៈមានជាតិអាល់កុលចិនក្នុងនាមជាឧស្សាហកម្មស្រាប្រេនឌីក្នុងស្រុក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរគយរបស់ចិនថា ប្រទេសចិនបាននាំចូលស្រាស្ពៀរៀតដែលផលិតចេញពីស្រាទំពាំងបាយជូរតម្លៃ ១,៥៧ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ គិតត្រឹមខែវិច្ឆិកា ហើយប្រទេសបារាំងមានចំណែក ៩៩,៨ភាគរយនៃការនាំចេញស្រាប្រេនឌីទាំងអស់របស់អឺរ៉ុប។

ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប បាននិងកំពុងកើនឡើងក្នុងរយៈពេលមួយឆ្នាំកន្លងមក ដោយភាគីទាំងពីរបានចោទប្រកាន់គ្នាថាប្រកួតប្រជែងមិនស្មើភាព និងបង្កើតឱ្យមានកិច្ចគាំពារនិយម។ សហភាពអឺរ៉ុបបាននិយាយកាលពីខែធ្នូថា ខ្លួននឹងចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃលើការនាំចូលជីវម៉ាស៊ូតពីប្រទេសចិន។

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតស្រាប្រេនឌីបារាំងគឺក្រុមហ៊ុន Remy Cointreau និងក្រុមហ៊ុន Pernod Ricard បានធ្លាក់ចុះថ្លៃបន្ទាប់ពីមានព័ត៌មាននេះ ដោយភាគហ៊ុនក្រុមហ៊ុន Remy បានធ្លាក់ចុះថ្លៃជាង ១១ភាគរយ។ ក្រុមហ៊ុនទាំងពីរនេះលក់ស្រាខូញ៉ាក់ ដែលនាំមកពីតំបន់ខូញ៉ាក់នៃប្រទេសបារាំងស្ថិតក្រោមម៉ាកយីហោនានារួមទាំងម៉ាក Remy Martin និង Martell។

លោក Shaun Rein ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមស្រាវជ្រាវទីផ្សារចិនដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបានប្រាប់រ៉យទ័រថា៖ «វិធានការរបស់ប្រទេសចិនគឺជាការតបតមួយដើម្បីឱ្យអឺរ៉ុបដឹងថា ចិនក៏អាចរៀបចំផែនការប្រឆាំងនឹងការកើនឡើងនៃកិច្ចការពារនិយមនៅក្នុងទ្វីបអឺរ៉ុបបានផងដែរ»

លោកបានថ្លែងថា ចំណាត់ការរបស់ទីក្រុងប៉េកាំងប្រឆាំងនឹងម៉ាកយីហោនានារបស់អឺរ៉ុប គឺជា «ការប្រឆាំងតបត» ក្នុងការឆ្លើយតបទៅនឹងអ្វីដែលលោកបានពិពណ៌នាថាជាការវាយប្រហាររបស់អឺរ៉ុបលើវិស័យរថយន្តអគ្គិសនីរបស់ប្រទេសចិន៕