(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Toyota Motor North America កាលពីថ្ងៃពុធបានរាយការណ៍ពីកំណើនលក់រថយន្ត ៦,៦ភាគរយសម្រាប់ឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក ដោយសារមានតម្រូវការខ្លាំងនូវរថយន្តប្រភេទស៊ីដាន និងប្រភេទ Crossover SUVs ដែលមានតម្លៃសមរម្យរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុន Toyota Motor North America ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Toyota Motor Corp បានលក់រថយន្តចំនួន ២,២៥លានគ្រឿងក្នុងឆ្នាំ២០២៣ ធៀបនឹងចំនួនប្រហែល ២,១លានគ្រឿងកាលពីឆ្នាំ២០២២។

ការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Toyota បានកើនឡើងជិត ៣១ភាគរយធៀបនឹងឆ្នាំ២០២២ ខណៈដែលសមាមាត្រនៃការលក់រថយន្តអគ្គិសនីធៀបនឹងរថយន្តសរុបមានចំនួន ២៩,២ភាគរយ កើនឡើងពីប្រហែល ២៤ភាគរយកាលពីឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕