(មូស្គូ)៖ ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom បានឱ្យដឹងនៅថ្ងៃពុធថា ក្រុមហ៊ុនបានបង្កើតកំណត់ត្រាផ្គត់ផ្គង់ឧស្ម័នប្រចាំថ្ងៃថ្មីមួយកាលពីថ្ងៃអង្គារសម្រាប់ការផ្គត់ផ្គង់ទៅកាន់ប្រទេសចិនតាមបំពង់បង្ហូរថាមពល Power of Siberia។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រុមហ៊ុន Gazprom មិនបានផ្តល់តួលេខផ្គត់ផ្គង់ប្រចាំថ្ងៃថ្មីនេះទេ ប៉ុន្តែក្រុមហ៊ុនបានឱ្យដឹងថា ការនាំចេញឧស្ម័នសរុបទៅកាន់ប្រទេសចិនតាមបំពង់បង្ហូរប្រេង Power of Siberia មានចំនួន ២២,៧ពាន់លានម៉ែត្រគូបក្នុងឆ្នាំ២០២៣ ពោលគឺជិត ១,៥ដងច្រើនជាងការនាំចេញឧស្ម័នចំនួន ១៥,៤ពាន់លានម៉ែត្រគុបក្នុងឆ្នាំ២០២២។

ប្រទេសរុស្ស៊ីកំពុងបង្កើនការផ្គត់ផ្គង់ឧស្ម័នទៅឱ្យប្រទេសចិន ដើម្បីប៉ះប៉ូវការបាត់បង់ការលក់ឧស្ម័នភាគច្រើនរបស់ខ្លួននៅអឺរ៉ុបគិតចាប់តាំងពីការចាប់ផ្តើមកើតមានសង្រ្គាមនៅប្រទេសអ៊ុយក្រែន ដែលបានជំរុញឱ្យប្រទេសលោកខាងលិចដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ និងកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី។

ក្រុមហ៊ុន Gazprom បានឱ្យដឹងថា តួរលេខនាំចេញឆ្នាំ២០២៣ មានបរិមាណច្រើនជាងបរិមាណដែលមានចែងក្នុងកិច្ចសន្យានាំចេញឧស្ម័នរបស់ក្រុមហ៊ុនជាមួយប្រទេសចិនតាមបំពុងបង្ហូរឧស្ម័ន Power of Siberia។ បរិមាណនាំចេញលើសកិច្ចសន្យានេះមានចំនួន ៧០០លានម៉ែត្រគូប ឬស្មើនឹង ៣,២ភាគរយ។ ក្រុមហ៊ុនបានរំលឹកឡើងវិញថា បំពង់បង្ហូរឧស្ម័ននេះនឹងឈានដល់កម្រិតពេញសមត្ថភាព ៣៨ពាន់លានម៉ែត្រគុបនៅឆ្នាំ២០២៥។

យោងតាមការគណនារបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការផ្គត់ផ្គង់ឧស្ម័នរបស់ក្រុមហ៊ុន Gazprom ទៅកាន់អឺរ៉ុបបានធ្លាក់ចុះ ៥៥,៦ភាគរយមកនៅត្រឹម ២៨,៣ពាន់លានម៉ែត្រគុបក្នុងឆ្នាំ២០២៣ បើធៀបនឹងកម្រិតកំពូល ១៧៥ ទៅ ១៨០ពាន់លានម៉ែត្រគុបក្នុងឆ្នាំ២០១៨-២០១៩៕