(ក្រុងរ៉ូម)៖ នាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទ្វីបអាហ្រ្វិក និងគ្រោះថ្នាក់ដែលបង្កឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាប្រធានបទសំខាន់ពីរសម្រាប់ប្រទេសអ៊ីតាលីក្នុងរយៈពេលមួយឆ្នាំក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសអ៊ីតាលីបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រទេស G7 ដែលរួមមានសហរដ្ឋអាមេរិក កាណាដា ជប៉ុន អាល្លឺម៉ង់ បារាំង អង់គ្លេស និងអ៊ីតាលី នៅដើមខែមករា។ ប្រទេសអ៊ីតាលីនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាច្រើននៅឆ្នាំនេះ រួមទាំងកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៅក្នុងខែមិថុនា។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Meloni បាននិយាយថា លោកស្រីចង់រៀបចំកិច្ចប្រជុំពិសេសមួយមុនខែមិថុនាដោយផ្តោតលើបច្ចេកវិទ្យា AI។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយស្រង់សម្ដីរបស់លោកស្រី Meloni ខណៈថ្លែងក្នុងសន្និសីទសារព័ត៌មានដើម្បីប្រារព្ធអបអរឆ្នាំថ្មីថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់របស់បច្ចេកវិទ្យា AI លើទីផ្សារការងារ»។ លោកស្រីបានបន្ថែមថា៖ «ថ្ងៃនេះ យើងប្រឈមមុខនឹងបដិវត្តន៍ដែលបញ្ញា (មនុស្ស) ស្ថិតក្នុងគ្រោះថ្នាក់នៃការមានគេមកជំនួស»។

លោកស្រីបានប្រាប់អ្នកយកព័ត៌មានថា ការគាំទ្រដល់ការអភិវឌ្ឍទ្វីបអាហ្វ្រិកក៏នឹងក្លាយជាប្រធានបទសំខាន់របស់ G7 របស់លោកស្រីផងដែរ ដោយលោកស្រីថ្លែងថា វាមានសារៈសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចក្នុងស្រុក និងកម្រិតជីវភាពរស់នៅ ដើម្បីរារាំងជនចំណាកស្រុកដែលនឹងត្រូវធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប។

លោកស្រីមានប្រសាសន៍ថា៖ «អ្វីដែលខ្ញុំគិតថាត្រូវធ្វើនៅក្នុងទ្វីបអាហ្រ្វិក មិនមែនជាកម្មវិធីសប្បុរសធម៌ទេ។ អ្វីដែលត្រូវធ្វើនៅទ្វីបអាហ្រ្វិក គឺការកសាងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាយុទ្ធសាស្ត្រច្បាស់លាស់ ស្មើភាពគ្នា មិនមែនកេងប្រវ័ញ្ចទេ។ អ្វីដែលត្រូវធ្វើនៅក្នុងទ្វីបអាហ្រ្វិក គឺការពារសិទ្ធិមិនធ្វើចំណាកស្រុក ... ហើយកិច្ចការនេះត្រូវធ្វើឡើងតាមដោយការវិនិយោគ និងយុទ្ធសាស្ត្រ»៕