(ប៉េកាំង)៖ ប្រទេសចិនបានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ស្ថានភាពដែលការរឹតបន្តឹងសន្តិសុខជាតិរារាំងយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចពិភពលោក ដោយសារតែ «នយោបាយនីយកម្មលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម» នឹងក្លាយជារឿង «អសីលធម៌ និងមិនមាននិរន្តរភាព» បន្ទាប់ពីមានការព្រមានរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោកស្រី Gita Gopinath អគ្គនាយករងមូលនិធិ IMF បាននិយាយកាលពីខែធ្នូថា ប្រសិនបើសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកបែកខ្ញែកជាពីរប្លុក ពោលគឺប្លុកដែលគ្របដណ្តប់ដោយសហរដ្ឋអាមេរិក និងអឺរ៉ុបនៅលោកខាងលិច និងប្លុកដែលគ្រប់ដណ្តប់ដោយប្រទេសចិន និងរុស្ស៊ីនៅខាងកើត ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកអាចនឹងត្រូវកាត់បន្ថយចំនួន ២,៥ភាគរយមកនៅត្រឹម ៧ភាគរយ។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងថា៖ «សង្រ្គាមពាណិជ្ជកម្ម សង្រ្គាមវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា កិច្ចប្រឹងប្រែងផ្តាច់ខ្លួនគ្នា ឬដកខ្លួនចេញដោយគិតថាដើម្បីកាត់បន្ថយហានិភ័យ គឺជានយោបាយនីយកម្មលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម»។

លោកមានប្រសាសន៍ថា៖ «នេះជារឿងអសីលធម៌ និងមិនមាននិរន្តរភាព ហើយទីបំផុតប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ»។

ប្រទេសចិននិងសហរដ្ឋអាមេរិកដែលប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរក្នុងពិភពលោកធ្លាប់ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់គ្នាទៅវិញទៅមក។ បើទោះបីជារដ្ឋាភិបាលទាំងពីរជំទាស់ជាសាធារណៈថាមិនមានការកាត់ផ្តាច់ពីគ្នាក៏ដោយ ក៏ប្រទេសចិនឥឡូវនេះកំពុងធ្វើពាណិជ្ជកម្មកាន់តែច្រើនជាមួយតំបន់អាស៊ីអាគ្នេយ៍ ហើយសហរដ្ឋអាមេរិកកំពុងបង្កើនពាណិជ្ជកម្មជាមួយប្រទេសជិតខាងរបស់ខ្លួនគឺកាណាដា និងម៉ិកស៊ិក។

ប្រទេសចិនបានដាក់ចេញវិធានការទប់ស្កាត់ការនាំចេញលើសារធាតុរ៉ែសំខាន់ៗមួយចំនួន ដូចជាក្រាហ្វិត (graphite) ដែលចិនផ្គត់ផ្គង់ប្រមាណ ៦៧ភាគរយនៃការផ្គត់ផ្គង់ពិភពលោក ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ។

សហរដ្ឋអាមេរិកជំទាស់នឹងការគ្រប់គ្រងការនាំចេញនានាដែលប្រកាសដោយប្រទេសចិនទៅលើការនាំចេញសារធាតុកាល្យូម (gallium) និងហ្គេម៉ាញ៉ូម (germanium) ដែលជាលោហធាតុប្រើសម្រាប់ផលិតឧបករណ៍អេឡិចត្រូនិក និងគ្រឿងអេឡិចត្រូនិកផ្សេងទៀត។

ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបានដាក់កម្រិតលើការនាំចេញឧបករណ៍ស៊ីមីកុងដាក់ទ័រ និងឧបករណ៍អេឡិចត្រូនិក ផ្សេងទៀតទៅកាន់ប្រទេសចិន ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពផងដែរ។

លោក Wang បានបន្ថែមថា៖ «ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយភាគីទាំងអស់ដើម្បីសម្រេចបានសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ប្រឆាំងដាច់ខាតទៅនឹងគោលនយោបាយប្រឆាំងនឹងសកលភាវូបនីយកម្ម និងប្រឆាំងនឹងគ្រប់ទម្រង់នៃលទ្ធិឯកតោភាគី និងការការពារនិយម»៕