(បាងកក)៖ សមាគមក្រុមហ៊ុននាំចេញអង្ករថៃបានឱ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសថៃត្រូវបានរំពឹងថានឹងធ្លាក់ចុះរហូតដល់ ១៥% នៅឆ្នាំ២០២៤នេះ ដោយសារការរឹតត្បតឹតលើការផ្គត់ផ្គង់អង្ករសកលអាចនឹងមានភាពធូរស្រាលវិញ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមក្រុមហ៊ុននាំចេញអង្ករថៃបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ប្រទេសថៃទំនងជានឹងមើលឃើញការធ្លាក់ចុះតម្រូវការអង្ករពីប្រទេសឥណ្ឌូនេស៊ី ដែលជាអតិថិជនកំពូលរបស់ខ្លួនកាលពីឆ្នាំមុន។ លោកបានបន្ថែមថា ការប្រែប្រួលតម្លៃប្រាក់បាតក៏អាចប៉ះពាល់ដល់សមត្ថភាពរបស់ប្រទេសថៃក្នុងការប្រកួតប្រជែងជាមួយប្រទេសវៀតណាមផងដែរ។

ការនាំចេញអង្កររបស់ថៃកាលពីឆ្នាំមុនបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ឆ្នាំគឺប្រហែល ៨,៨លានតោន។ ប៉ុន្តែលោក Chookiat បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌូនេស៊ី ដែលថ្មីៗនេះបានបង្កើនការនាំចូលរបស់ខ្លួននឹង «ទំនងជាបន្ថយការទិញរបស់ខ្លួនបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួននៅខែក្រោយ»។

លោកមានប្រសាសន៍ថា៖ «តម្លៃប្រាក់បាតក៏មានការប្រែប្រួលខ្លាំងផងដែរ ដែលធ្វើឱ្យតម្លៃអង្កររបស់យើងមិនអាចប្រកួតប្រជែងបាន ខណៈដែលដំណាំថ្មីរបស់វៀតណាមកំពុងតែល្អ»។

តម្លៃអង្ករសប្រភេទបាក់ ៥% របស់ថៃដែលជាតម្លៃស្តង់ដារអាស៊ីបានឡើងថ្លៃដល់កម្រិតខ្ពស់ក្នុងរយៈពេល ១៥ឆ្នាំក្នុងខែធ្នូ បន្ទាប់ពីឥណ្ឌាដែលជាប្រទេសនាំចេញអង្ករច្រើនជាងគេលើពិភពលោកបានដាក់កម្រិតលើការនាំចេញ និងអាកាសធាតុស្ងួតបានគំរាមកំហែងដល់ផលិតកម្មស្រូវ។

លោក Chookiat បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ដំណាំស្រូវនៅរដូវរងារបស់ប្រទេសវៀតណាមដែលត្រូវបានរំពឹងថានឹងត្រូវប្រមូលផលក្នុងខែកុម្ភៈ និងខែមីនានឹងជួយបញ្ចុះតម្លៃក្នុងប្រទេស ហើយទាក់ទាញអ្នកទិញដូចជាប្រទេសហ្វីលីពីនវិញ។ ការផ្គត់ផ្គង់របស់ឥណ្ឌាក៏អាចនឹងត្រូវបានបន្ធូរបន្ថយមកវិញ បន្ទាប់ពីការបោះឆ្នោតដែលត្រូវបានរំពឹងថានឹងធ្វើឡើងនៅខែឧសភា។

លោក Chookiat ថ្លែងថា៖ «ប្រទេសឥណ្ឌាទំនងជានឹងរក្សាការហាមឃាត់ [ការនាំចេញ] មួយចំនួនក្នុងឆមាសទីមួយនៃឆ្នាំនេះ»។ លោកបានបន្ថែមថា៖ «ប៉ុន្តែប្រសិនបើការហាមឃាត់ទាំងនោះត្រូវបានដកវិញក្នុងឆមាសទីពីរ តម្លៃអង្ករពិភពលោកនឹងធ្លាក់ចុះភ្លាមៗ»៕