(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បាន​លើកទឹកចិត្តដល់កសិករសម្រេចចិត្តធ្វើស្រែប្រាំងផ្អែកទៅលើស្ថានភាពទឹក ដើម្បីជៀសវាងការខាតបង់ ខណៈបច្ចុប្បន្ននេះកសិករនៅតាមបណ្តាខេត្តមួយចំនួនសម្រុកពង្រីកផ្ទៃដីដាំដុះស្រូវប្រាំង បន្ទាប់ពីតម្លៃស្រូវកាលពីឆ្នាំ២០២៣កើនឡើងខ្ពស់មិនធ្លាប់មាន​ពីមុនមក។ ​

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែមករានេះថា ការជូនដំណឹងរបស់អាជ្ញាធរខេត្តមួយចំនួន ដូចជាខេត្តពោធិ៍សាត់ជាដើម គឺជាការដាស់តឿនជា​មុន ជៀសវាងកសិកររងការខូចខាត នៅពេលដែលប្រជាកសិករចាប់ផ្តើមនាំគ្នា​សម្រុកពង្រីកផ្ទៃដីដាំដុះស្រូវ ខណៈទឹកដែលមានមិនអាចគ្រប់គ្រាន់ សម្រាប់វិសាលភាពនៃការធ្វើស្រូវប្រាំងដែលមានទំហំផ្ទៃដីធំជាងមុននោះទេ។

លោកបន្តថា បញ្ហាខ្វះខាតទឹកប្រើប្រាស់សម្រាប់ការធ្វើស្រែប្រាំងលើកទី២នេះ មិនមែនជាបញ្ហាថ្មីនោះ ដោយសារប្រព័ន្ធអាងទឹក​ស្តុកទឹកមានកំណត់ មិនឆ្លើយតបនឹងបរិមាណផ្ទៃដី​ ស្របពេលដែលឆ្នាំនេះ​ទីផ្សារស្រូវមានតម្រូវការខ្ពស់ ​ជាពិសេសប្រទេសវៀតណាម​ ​នាំឱ្យប្រជា​កសិករពង្រីកវិសាលភាពផ្ទៃដីដាំដុះ​ធំជាងមុន ដែលនាំឱ្យការប្រើប្រាស់ទឹក មិនគ្រប់ទៅតាមតម្រូវការនៃការធ្វើស្រូវប្រាំងដែលបានរីកលឿនពេក។

តែយ៉ាងណាលោកលើកឡើងថា បើទោះបីជា មានការជូនដំណឹងឱ្យផ្អាកធ្វើស្រែប្រាំងលើកទី២ក៏ដោយ ប៉ុន្តែមិនប៉ះពាល់ដល់ការនាំចេញអង្កររបស់កម្ពុជានោះទេ។

លោក​បានពន្យល់យ៉ាងដូច្នេះថា «ជាទូទៅការធ្វើស្រូវមិនប្រកាន់រដូវឬការធ្វើស្រូវប្រាំង គឺភាគច្រើនគាត់ធ្វើអង្ករ ស មិនមែនអង្ករក្រអូបតែ តែវាក៏មានខ្លះដែរ ប៉ុន្តែបរិមាណមិនច្រើនដូចប្រភេទ ពួកអូអឹម ឬអ៊ីអ៊ែរ ឬស្រង៉ែនោះទេ។ ហើយភាគច្រើនស្រូវប្រភេទនេះ គឺលក់ទៅវៀតណាម។ តែយ៉ាងណាក៏មានការចូលរួមចំណែកខ្លះនៅក្នុងការនាំអង្កររបស់យើងដែរ ការនាំចេញរបស់យើងលើអង្ករមិនក្រអូបនេះ មានប្រមាណជា២០% ប៉ុណ្ណោះលើការនាំចេញសរុប ហើយ៨០%គឺយើងនាំចេញអង្ករក្រអូបក្រកាន់រដូវ និងអង្ករក្រអូបមិនប្រកាន់រដូវ ដូចជាសែនក្រអូបជាដើម»

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ​រដ្ឋបាលខេត្តពោធិ៍សាត់ ​បានចេញសេចក្តីណែនាំ​ដល់ប្រជាកសិករទាំងអស់ក្នុងខេត្ត ដែលកំពុងធ្វើស្រូវរដូវប្រាំងឆ្នាំ ២០២៤នេះ ផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ បន្ទាប់ពីប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ​​ដោយសារការផ្គត់ផ្គង់ទឹកជូនប្រជាកសិករ ក្នុងឆ្នាំ២០២៤នេះ បានត្រឹមតែ ២០.០០០ហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្តែងកន្លងមករបស់ថ្នាក់ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការបង្កបង្កើនផលរបស់ប្រជាកសិករបានកើនរហូតដល់ជាង ៤ម៉ឺន៦ពាន់ហិកតា លើសផែនការប្រើប្រាស់ទឹកជាង ២ម៉ឺន៦ពាន់ហិកតា។ ​

កញ្ញា អឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ​ ដោយសារបច្ចុប្បន្ននេះតម្លៃស្រូវសើមកំពុងមានការកើនឡើង​ខ្ពស់មិនធ្លាប់មាន ពោលគឺអាចលក់ចេញ​ជាង១ ៣០០រៀល ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យប្រជាកសិករ​មានភាពសប្បាយរីករាយក្នុងការបង្កបង្កើនផលស្រូវ។

កញ្ញាលើកឡើងបន្ថែមថា៖ «ងាកមកបញ្ហាខេត្តពោធិ៍សាត់ដែលរដ្ឋបាលខេត្តបានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យផ្អាកការធ្វើស្រែប្រាំងនៅពេលខាងមុននេះ គឺដោយសារតែអាជ្ញាធរខេត្ត និងមន្ទីរធនធានទឹក ក៏ដូចជាមន្ទីរកសិកម្មនៅខេត្តពោធិ៍សាត់ យើងបានធ្វើការរួមគ្នា ហើយយើងបានគណនាច្បាស់លាស់មែនទែនថា ធនធានទឹកដែលយើងមានរាល់ថ្ងៃនេះ អាចផ្គត់ផ្គង់ ការបង្កបង្កើនស្រូវប្រាំងបាននៅក្នុងទំហំប៉ុណ្ណា ហើយយើងច្បាស់ណាស់ថា មិនអាចផ្គត់ផ្គង់​ បានពេញលេញគ្រប់គ្រាន់ជូនដល់ប្រជាកសិករទាំងអស់គ្នា បើលោកសម្រុកធ្វើទាំងអស់​។ យើងកុំភ្លេចថា ធនធានទឹកដែលយើងមានមិនមែនប្រើប្រាស់សម្រាប់តែការបង្កបង្កើនផលទេ គឺត្រូវចែករំលែកមួយផ្នែកសម្រាប់ការប្រើប្រាស់ទូទៅដែរ សម្រាប់ជីវភាពប្រចាំថ្ងៃ។ នេះគឺជាការគិតគូរទុកជាមុន ហើយជាការជូនដំណឹងទុកជាមុន ដើម្បីក្រើនរំលឹកក៏ដូចជា ផ្តល់នូវព័ត៌មានដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងប្រជាកសិករលោកយកព័ត៌មានទាំងអស់នេះទៅពិចារណា ហើយការសម្រេចចិត្តស្ថិតនៅលើប្រជាកសិករ ខ្លួនឯងផ្ទាល់»

កញ្ញាបន្តថា ​តែបើទោះបីជាទៅដល់ពេលនោះមានបញ្ហាខ្វះខាតទឹកក៏ដោយ ក្រសួង ​និងរាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ប្រជាកសិករឱ្យលោកមានទឹកប្រើប្រាស់ក្នុងកម្រិតណាមួយ និងបែងចែក​ឱ្យមានសមភាព មិនឱ្យមានអ្នកណាកេងចំណេញ ឬរំលោភយកទឹកទៅប្រើប្រាស់តែឯងនោះទេ​៕